(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចំពោះការផ្តល់ការឧបត្ថម្ភអាវការពារជំងឺកូវីដ១៩ និងឧបករណ៍វាស់កម្តៅ ដល់សាលាដំបូងរាជធានីភ្នំពេញ។ សម្រាប់ប្រើនាពេលសវនាការ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩។
លោក តាំង ស៊ុនឡាយ បានថ្លែងថា «សាលាដំបូងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានឧបត្ថម្ភអាវការពារកូវីដ១៩ ចំ នួន២០ និងឧបករណ៍វាស់កម្តៅចំនួន៥ ដល់សាលាដំបូងរាជធានី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្រាប់ប្រើនាពេលសវនាការ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩»។
សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល តុលាការបានបើកសវនាការកាត់ទោសជនសង្ស័យ ដោយពាក់អាវការពារកូវីដ ដើម្បីពន្លឿនតាមនីតីវិធីកុំឲ្យមានការរាំងស្ទះ។ សម្រាប់ស្ថានភាពបែបនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានឧបត្ថម្ភជាបន្តបន្ទាប់ ជូនសាលាដំបូងរាជធានី-ខេត្ត ដើម្បីចូលរួមការពារជំងឺកូវីដ១៩៕