(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣០៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន២៣៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣០៣នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៤៨នាក់, ខេត្តកំពត ២នាក់, ខេត្តតាកែវ ៨នាក់, ខេត្តកណ្តាល២៦នាក់ និងខេត្តព្រះសីហនុ ១៩នាក់។
សម្រាប់អ្នកជាសះស្បើយទាំង២៣៩នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៧៤៧នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧ ២០២នាក់, អ្នកជាសះស្បើយចំនួន ២ ៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤ ៨៩៣នាក់, អ្នកស្លាប់ចំនួន ៥៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕