(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់អ្នករត់តាក់ស៉ី ដែលឈប់នៅចំណតផ្សារដើមគ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ពិសេសអ្នកមានទំនាក់ទំនងជាមួយអ្នកប្រមូលថ្លៃសំរាមប្រចាំថ្ងៃ សូមតាមដានសុខភាព ហើយបើសង្ស័យសូមទៅពិនិត្យសំណាកបន្ទាន់។
តាមរយៈ Facebook នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩។
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ វិទ្យាល័យ បាក់ទូក, វិទ្យាល័យ បឹងត្របែក, មណ្ឌលសុខភាព ចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និងមណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕