(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងជំនាញបានបើកប្រតិបត្តិការរុករកដល់ចំណុចនាវាដឹកនាំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលលិចកាលពីកំលុងសម័យសង្គ្រាមស៊ីវិល ហើយគ្រោងនឹងស្រង់គ្រាប់យុទ្ធភណ្ឌនេះ នៅសប្តាហ៍ក្រោយ។
ប្រតិបត្តិការរុករកនាវា និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងទន្លេ និងបឹងរបស់ក្រុមជំនាញកម្ពុជានេះ ជាបន្តបន្ទាប់បានធ្វើឡើងក្រោយកម្ពុជា បានសម្រេចកិច្ចការងារជាប្រវត្តិសាស្ត្រ ដោយបានស្រង់នាវាម៉ារីន ព្រមទាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ជាច្រើនតោន ដែលលិចនាកំលុងសម័យសង្គ្រាមស៊ីវិល ដែលបានលិចក្រោមបាតទន្លេជម្រៅ២៧,៥ម៉ែត្រ គ្រប់ដណ្តប់ដោយដីខ្សាច់ ដោយជោគជ័យ កាលពីថ្ងៃទីទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយបើកប្រតិបត្តិការអស់រយៈពេល ៦ខែ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សម្រាប់ការដ្ឋានទី២នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
សម្រាប់ទីតាំងនាវាលិចខាងលើស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងប្រតិបត្តិការនៅបឹងគ្រំ យើងបន្តការងាររុករក អីឡូវនេះយើងបានរកឃើញចំណុចទីតាំងនាវាលិចហើយ និងចំណុចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅដើមសប្តាហ៍ក្រោយ អីឡូវនេះយើងកំពុងរៀបចំមធ្យោបាយ សម្ភារៈបំពាក់ ដើម្បីតម្រូវតាមទំហំកិច្ចប្រតិបត្តិការ ក៏ដូចជាតម្រូវទៅតាមស្ថានភាពជាក់ស្តែង នៅក្នុងតំបន់ប្រតិបត្តិការ»។
មេបញ្ជាការរូបនេះ បានបន្ថែមទៀតថា៖ «អញ្ចឹងនៅសប្តាហ៍ក្រោយយើងនឹងចាប់ផ្តើមស្រាវជ្រាវទៅដល់ទីតាំងនាវាលិច និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយសង្ឃឹមថា នៅសប្តាហ៍ក្រោយយើងនឹងអាចចាប់ផ្តើមស្រង់យកគ្រាប់ ជាបណ្តើរៗហើយ»។
បើតាមនាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។
បើតាមនាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ទីតាំងសម្តេចតេជោ ហ៊ុន សែន បានអញ្ញាតឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិល រួមមាន៖
ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។
ទីតាំងទី២៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។
និងទីតាំងទី៣៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣៕