(ភ្នំពេញ)៖ អាជ្ញាធរសម្រេចបិទផ្សារដេប៉ូបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខណ្ឌទួលគោក បានសម្រេចយ៉ាងដូច្នេះថា «ចំពោះមុខរដ្ឋបាលខណ្ឌទួលគោក សូមផ្អាកដំណើរការជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ»។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវិដ-១៩ ជាបន្ទាន់ នៅបរិវេណទីរួមផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូ មានការយោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព៕