(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋមានគ្នា ៨នាក់ បានជិះរថយន្តរួមគ្នាមួយគ្រឿងចេញពីរាជធានីភ្នំពេញ បំណងចង់ធ្វើដំណើរឆ្លងទៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ តែត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់នៅតាមផ្លូវ និងបានតម្រូវឱ្យបកត្រលប់ក្រោយមកភ្នំពេញវិញ ក្រោយពួកគេឆ្លងកាត់តាមផ្លូវដោយបំពានបម្រាមគោចររបស់កម្លាំងសមត្ថកិច្ច ត្រង់ព្រំប្រទល់ខេត្តកំពង់ស្ពឺ-ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយរថយន្តនោះម៉ាក HIGHLANDER ពាក់ស្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញទៅប៉ោយប៉ែត លុះមកដល់គោលដៅត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ-ខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះ បានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។
លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការឲ្យសហការជាមួយអធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះ ដែលបានបំពានបម្រាមធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះ បាននៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។
បន្ទាប់ពីសាកសួររួចរាល់ លោកស្នងការក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញ ដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ៕