(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំ អនឡាញតាមប្រព័ន្ធ ZOOM ជាមួយតំណាងបណ្ដាផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងស្វែងយល់បន្ថែមពី ផលវិបាកក្នុងការធ្វើអាជីវកម្ម ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចូលរួមពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម និងតំណាងផ្សារទំនើបជាច្រើន។
លោករដ្ឋលេខាធិការ បានថ្លែងទៅកាន់អង្គប្រជុំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី-១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញ ផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។
លោករដ្ឋលេខាធិការ ក៏បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។
ទន្នឹមនឹងនេះ ភាគីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន៖ ការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕