(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅប្រមូលដឹកប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនៅថ្ងៃបុណ្យសពរបស់ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់កាលពីវេលាម៉ោង ២៖០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា សពជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ និងបានស្លាប់នៅវេលាម៉ោង ២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងទៀតថា លុះព្រឹកឡើងវេលាម៉ោង ៨៖០០នាទីព្រឹក ក្រុមគ្រូពេទ្យក៏បានចុះ ទៅយកសំណាកសពជនរងគ្រោះ បញ្ជូនទៅធ្វើតេស្តនៅរាជធានីភ្នំពេញ ដោយឧបករណ៍តេស្តរហ័ស (Rapid Test) និងទទួលបានលទ្ធផលនៅវេលាម៉ោង ៤៖០០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលលទ្ធផលបានបញ្ជាក់ថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា អ្នកដែលបានប៉ះពាល់ជាមួយនឹងអ្នកមានផ្ទុកកូវីដ១៩ ខាងលើ មានជាង២០នាក់ ក្នុងនោះមានទាំងព្រះសង្ឃ និងលោកអាចារ្យផងដែរ ដែលបានទៅចូលរួមនៅក្នុងពិធីបុណ្យសព។ ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានដឹកយកមកធ្វើចត្តាឡីស័កនៅសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង និងបានយកសំណាកពួកគាត់ទាំងអស់ បញ្ជូនទៅធ្វើតេស្តនៅរាជធានីភ្នំពេញរួចរាល់ហើយដែរ។
លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រោយសពបុរសខាងលើនេះបានស្លាប់ដោយរកឃើញមានផ្ទុកមេរោគកូវីដ -១៩ រួចមក សមត្ថកិច្ច និងក្រុមការងារ នៃមន្ទីរសុខាភិបាល បានស្រាវជ្រាវរកឃើញថា មានការពាក់ព័ន្ធចំនួន ២កន្លែង រួមមានផ្សារព្រៃខ្មែរ ដែលគ្រួសាររបស់សពបានចូលមកទិញអីវ៉ាន់បន្លែត្រីសាច់ យកទៅធ្វើបុណ្យសព និងមួយទៀត គឺភូមិព្រះរាមរង្សីផ្ទាល់តែម្តង។ អាជ្ញាធរខេត្តកំពុងឆ្នាំង កំពុងដោះស្រាយផលប៉ះពាល់ទាំង ២ចំណុចនេះ ថាតើត្រូវបិទផ្សារ និងបិទភូមិជាបន្តទៀត ឬយ៉ាងណា។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងក៏បានបញ្ជាក់ឲ្យដឹងដែរថា សពឈ្មោះ នូ ចុល នៅភូមិព្រះរាមរង្សី ដែលមានផ្ទុកជំងឺកូវីដ- ១៩ ខាងលើនេះ បានពាក់ព័ន្ធជាមួយមនុស្សចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងនោះមានគ្លីនិកឯកជនមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក និងក្រុមការងារក៏បានចុះទៅបិទគ្លីនិកខាងលើនេះ តាំងពីល្ងាចថ្ងៃទី១៩ ខែមេសាភ្លាមៗដែរ។
នៅភូមិព្រះរាមរង្សី បន្ទាប់ពីដឹងថា សពជនរងគ្រោះឈ្មោះ នូ ចុល មានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ហាក់បីដូចជាមានសភាពស្ងាត់ជ្រងំ ដោយគ្មានមនុស្សម្នាចេញចូលដូចពេលមុនៗឡើយ ដោយសារតែភូមិនេះត្រូវបានអាជ្ញាធរបិទការចេញចូលជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលសំណាកអ្នកដែលបានពាក់ព័ន្ធជាង ២០នាក់នោះសិន។
សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិដែលកំពុងឈរតាមគោលដៅត្រង់ក្លោងទ្វារចូលភូមិព្រះរាមរង្សី បានបញ្ជាក់ប្រាប់ឲ្យដឹងថា ទទួលបទបញ្ជាពីថ្នាក់លើ ឲ្យមកឃាត់អ្នកធ្វើដំណើរចេញចូលក្នុងភូមិនេះ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ តទៅរហូតមានបទបញ្ជាថ្មី៕