(ភ្នំពេញ)៖ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥-២០ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន៤១០បាវ, មីជាតិ ចំនួន២៦២១កេស, ទឹកត្រី ៤២៤យួរ, ទឹកស៉ីអ៉ីវ ៣១០យួរ, ត្រីខ ៣១១យួរ និងទឹកសុទ្ធ ៥២យួរ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News។
ជាមួយគ្នានេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងតាមដានព័ត៌មានថ្លៃទំនិញនៅលើទីផ្សារ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពលក់ទំនិញ តាមរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម នៅទីតាំងចំនួន ០៣ រួមមាន ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងភូមិត្រពាំងថ្លឹង៤ និងទីតាំងបុរីរុងរឿងក្បែរផ្សាទួលពង្ររ រាជធានីភ្នំពេញ ផងដែរ។
សូមជម្រាបផងដែរថាអនុវត្ត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០១ សណន ស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹង ការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្ម បានរៀបចំរថយន្តដើម្បីចល័តលក់ទំនិញសំខាន់ៗមួយចំនួនមានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ត្រីខកំប៉ុង ។ល។ លក់ជូនប្រជាពលរដ្ឋជាប់ក្នុងបំរាមបិទខ្ទប់របស់រាជរដ្ឋាភិបាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
សកម្មភាពលក់ទំនិញតាមរថយន្តចល័តខាងលើ ត្រូវបានអនុវត្តដោយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដោយមានការសម្របសម្រួល ពីមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ៕