(ភ្នំពេញ)៖ កម្លាំងអន្ដរាគមន៍ពិសេស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កាន់រំពាត់ដើរត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋហាមមិនឲ្យចេញក្រៅផ្ទះ ស្ថិតក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
«តំបន់ក្រហម» រាជរដ្ឋាភិបាលបានកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត។
ក្នុងនោះ កម្លាំងសមត្ថកិច្ចនៅតែបន្ដអំពាវនាវ និងណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ដាច់ខាតមិនត្រូវចេញក្រៅផ្ទះនោះទេ ប្រសិនបើនៅតែរឹតទទឹងមិនស្ដាប់ការណែនាំ និងប្រើរំពាត់វាយតែម្ដង ហើយចាប់ដាក់រថយន្ដយកទៅធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃថែមទៀត។
យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនបានស្ដាប់តាមការណែនាំរបស់កម្លាំងសមត្ថកិច្ច ហើយនៅមានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះដែលបន្ដចេញក្រៅ ដោយពួកគាត់មានធុរៈបន្ទាន់ជាដើម៕