(ភ្នំពេញ)៖ នៅសម័យកាលមានជំងឺកូវីដ១៩ ការបើកសវនាការកាត់ទោសអ្នកល្មើសនឹងច្បាប់ នៅតែដំណើរការធម្មតា ប៉ុន្តែអ្វីដែលខុសប្លែក គឺចំនួនអ្នកនៅក្នុងសវនការត្រូវបានកាត់បន្ថយ ខណៈដែលបន្ទប់សវនការទាំងមូល ក៏រៀបចំឲ្យដាច់ឆ្ងាយពីគ្នាផងដែរ។

តាមរយៈរូបភាពដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន និងអនុញ្ញាតឲ្យផ្សព្វផ្សាយ គេសង្កេតឃើញមានចៅក្រមជំនុំជម្រះ តំណាងអយ្យការ មេធាវី និងជនសង្ស័យ សុទ្ធតែប្រើម៉ាស និងរបាំងមុខ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា សាលសវនាការរបស់សាលាដំបូងរាជធានី-ខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែមេសានេះ ក៏បានចេញសេចក្តីណែនាំ ស្តីពីការទទួលពាក្យបណ្តឹងឧបាស្រ័យ នៅតាមសាលាជម្រះក្តី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរនៅកម្ពុជាផងដែរ ដើម្បីពន្លឿនការដាក់ពាក្យបណ្តឹងឧបាស្រ័យ។

ក្រសួងយុត្តិធម៌ បានណែនាំដល់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ពិនិត្យលទ្ធភាព និងរៀបចំសម្រួលនីតិវិធី សម្រាប់ទទួលពាក្យបណ្តឹងជាបណ្តោះអាសន្ន តាមប្រព័ន្ធអនឡាញ (ដូចជា Telegram) និងដាក់បង្ហាញលេខទូរស័ព្ទទាក់ទង និងទទួលពាក្យបណ្តឹងឧបាស្រ័យនានា របស់ភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ព្រមទាំងត្រូវជូនដំណឹង និងផ្សព្វផ្សាយ នូវការអនុវត្តគោលការណ៍នេះជាសាធារណៈ ឲ្យបានឆាប់រហ័សបំផុត និងឲ្យបានទូលំទូលាយ៕

សូមទស្សនារូបភាពខាងក្រោម៖