(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋរបស់ខ្លួនកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជា ១ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី១ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ បើតាមស្ថានទូតចិន អ្នកដែលបានទទួលវ៉ាក់សាំងនេះ រាប់បញ្ចូលទាំងចិនហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរ។
ស្ថានទូតចិន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាការរៀបចំជាពិសេសនូវសកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ក្នុងដំណាក់កាលទីមួយ។
ស្ថានទូតចិនប្រចាំកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅជូនចំពោះស្ថាប័នក្នុងប្រទេសកម្ពុជារួមមានក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាថ្លែងអំណរគុណជូនចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានជួយសម្របសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងនេះ។
សូមបញ្ជាក់ថា ក្នុងកំលុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩ រយៈពេលជាង ១ឆ្នាំមួយកន្លងមកនេះ បានបង្ហាញកិច្ចសហការគ្នា និងគាំទ្រយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ រដ្ឋាភិបាល បានជួយផ្តល់អ្នកជំនាញ បរិក្ខារពេទ្យ ម៉ាស៊ីនតេស្ត្តសំណាកមេរោគកូវីដ១៩ ផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ១.៣លានដូស និងបានសម្របសម្រួលឱ្យកម្ពុជា បានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ២លានដូស ក្នុងតម្លៃមួយទាបថែមទៀត។
រដ្ឋាភិបាលចិន តាមរយៈស្ថានទូត បានបង្ហាញជំហររបស់ខ្លួន នឹងបន្តជួយគាំទ្រកម្ពុជារហូតដល់យកជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕