(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំសម្លៀកបំពាក់ដូចបុគ្គលិកអគ្គិសនីកម្ពុជា ប្រព្រឹត្តបទល្មើសលួចថាមពលអគ្គិសនី នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានប្រើវិធានការផ្លូវច្បាប់ និងកសាងឯកសារបញ្ជូន ទៅអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីមានវិធានការវិនិច្ឆ័យទោស ដល់ជនល្មើសជាធរមាន។

សេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ អគ្គិសនីកម្ពុជា បានស្រាវជ្រាវឃើញជនសង្ស័យឈ្មោះ កែវ សាភួន អាយុ ៦៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ៥២ ផ្លូវបេតុង១០B ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបន្លំសម្លៀកបំពាក់ដូចបុគ្គលិកអគ្គិសនីកម្ពុជា ប្រព្រឹត្តបទល្មើស លួចថាមពលអគ្គិសនី ធ្វើឲ្យបាត់បង់ថាមពលអគ្គិសនី នៅទីតាំង P៤៦០ ប្រអប់លេខ១៤០ លើផ្លូវបេតុង ភូមិបោះអង្គញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា ប្រើវិធានការផ្លូវច្បាប់ និងកសាងឯកសារបញ្ជូន ទៅអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីមាន វិធានការវិនិច្ឆ័យទោសដល់ជនល្មើស ជាធរមាន។ បច្ចុប្បន្ននេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទឈ្មោះ កែវ សាភួន ទៅមណ្ឌលកែប្រែទី១ ជាបណ្តោះអាសន្ន។

អគ្គិសនីកម្ពុជា សូមប្រកាសអំពាវនាវ ដល់សាធារណជន និងអតិថិជនរបស់អគ្គិសនីកម្ពុជា ដែលកំពុងប្រើប្រាស់ចរន្តអគ្គិសនីឲ្យមានការប្រុងប្រយ័ត្ន ចំពោះការបោក បញ្ឆោតពីជនខិលខូចថា ចេះធ្វើការកែច្នៃនាឡិកាស្ទង់ឲ្យប្រើប្រាស់អស់ថាមពលអគ្គិសនីតិចជាងមុន ប្រសិនបើលោកអ្នកមានការសង្ស័យ លើជនណាមួយបោកបញ្ឆោត និងនាំប្រព្រឹត្តបទល្មើសលួចថាមពលអគ្គិសនី សូមសាធារណជនមេត្តាប្តឹង ទៅអាជ្ញាធរមូលដ្ឋាន ឬធ្វើការទំនាក់ទំនងមកស្នាក់ការ កណ្តាលរបស់អគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទ ១២៩៨ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ «អគ្គិសនីកម្ពុជា-EDC» ដើម្បីចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។

អគ្គិសនីកម្ពុជា សង្ឃឹម និងជឿជាក់ថា សាធារណជន និងអតិថិជនរបស់អគ្គិសនីកម្ពុជា នឹងចូលរួមជាមួយ អគ្គិសនីកម្ពុជា ដើម្បីទប់ស្កាត់ឲ្យបាននូវអំពើចោរកម្ម ជៀសវាងការបាត់បង់ថាមពលអគ្គិសនីជាតិ ហើយក្លាយជាអ្នកផ្សំគំនិតក្នុងអំពើខុសច្បាប់។ អគ្គិសនីកម្ពុជា សូមថ្លែងអំណរគុណទុកជាមុន ដល់អតិថិជន ដែលបានចូលរួមសហការជាមួយអគ្គិសនីកម្ពុជា៕