(ព្រះវិហារ)៖ កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនយុវជនចំនួន៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយយុវជនទាំងនេះ បានធ្វើសកម្មភាពលួចធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលបានប្រព្រឹត្តិល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ការបញ្ជូនខ្លួនយុវជនទាំង៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ននេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោក វុធ សាវី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ថា «យុវជនទាំង៤នាក់ ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល លើការផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្ត ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តហើយ»។
លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា៖ «យុវជនទាំង៤នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅចំណុចព្រំប្រទល់ រវាងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ យោងចម្លើយសារភាពរបស់ជន ទាំង៤នាក់នេះ គឺពួកគេរស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ហើយបានលួចឆ្លងដែនទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយជិះម៉ូតូកាត់ព្រៃ លុះត្រឡប់មកវិញ បានខ្ចីរថយន្តមិត្តភ័ក្រជិះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង»។
លោកព្រះរាជអាជ្ញារង បានគូសបញ្ជាក់ថា យោងបញ្ញាតិច្បាប់មាត្រា១១ ត្រង់កឋាខណ្ឌទី១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺដាច់ខាតត្រូវតែអនុវត្តន៍ច្បាប់ និងវិធានការនេះឱ្យទាល់តែបាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រោយឃាត់ខ្លួនយុវជន៤នាក់ និងបញ្ជូនទៅដាក់ពន្ធនាគារជាបណ្តោអាសន្ននេះ លោកព្រះរាជអាជ្ញារង បានអំពាវនាវសូមអាណាព្យាបាលគ្រប់រូប ត្រូវអប់រំកូន ចៅ ឱ្យបានល្អកុំឱ្យល្មើសនឹងច្បាប់ក៏ដូចជាបទបញ្ជានានា ដែលបានដាក់ចេញក្នុងទិសដៅរួមតប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់យើងឱ្យបាន៕