(ស្វាយរៀង)៖ តុលាការខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាដាក់ពន្ធនាគារលើបុរសម្នាក់ ករណីលួចដឹកមនុស្សពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ដែលបំពានបំរាមរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ជននេះត្រូវចោទប្រកាន់តាមមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ រួចហើយបញ្ជូនទៅដាក់ពន្ធនាគារនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំប្រកាសសាលក្រមនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។ ចំណែកមនុស្សពីរនាក់ទៀត ដែលរួមដំណើរនៅក្នុងរថយន្ត ត្រូវបានប្រគល់ទៅឱ្យខាងសុខាភិបាល ខេត្តយកទៅធ្វើចត្តាឡីស័ក និងពិន័យម្នាក់១លានរៀល។
គួររំលឹកថា កាលនៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់សង្ស័យលួចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញ ទៅគោលដៅខេត្តស្វាយរៀង ដែលល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុង សារឿន អាយុ៦៥ឆ្នាំ មានទីលំនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល បម្រើការងារឱ្យកាសែត «ប្រទាប់យុវជន» បានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។
ពេលទៅដល់ភ្នំពេញ បានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េ ចំនួន០២នាក់ (បានអនុវត្តចត្តាឡីស័ក ១៤ថ្ងៃរួច) មកស្រុកកំណើត ដោយយកថ្លៃចំនួន ៣៥០ដុល្លារ តែពេលមកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ក៏ត្រូវសមត្ថកិច្ចពិនិត្យសួរនាំ និងធ្វើការឃាត់ខ្លួនតែម្តង៕