(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយក អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង ២ចូលរួម ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំឱ្យជំងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវឆ្លងចូលគ្រួសារ និងសហគមន៍។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) និងអាវយឺត២។
ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ចំនួន ៤គ្រួសារ ទទួលបានថវិកា ៣០០,០០០រៀល, អ្នកដែលខូចខាតមធ្យមចំនួន ៣គ្រួសារ ទទួលបានថវិកា ២០០,០០០រៀល ហើយអ្នកខូចខាតស្រាលចំនួន ២៩គ្រួសារ ទទួលបានថវិកា ១០០,០០០រៀល៕