(ប៉េកាំង)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តជាផ្លូវការថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅក្នុងសមុទ្រកាលពីថ្ងៃទី ១៣ ខែមេសា ដោយមិនអើពើនឹងការចោទជាមន្ទិលសង្ស័យ និងការប្រឆាំងទាំងជាតិនិងអន្តរជាតិ។
នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលប្រទេសមួយនឹងបង្ហូរទឹកសំណល់ ដែលបណ្តាលមកពីឧប្បតិ្តហេតុនុយក្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រដោយផ្ទាល់។ សេចក្តីសម្រេចចិត្តរបស់ជប៉ុន ទទួលរងការប្រឆាំងយ៉ាងខ្លាំងក្លា ពីសំណាក់បណ្តាប្រទេសជិតខាង ក្នុងនោះបូករួមទាំងប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ដោយទាមទារយ៉ាងច្បាស់ថា «ប្រទេសជប៉ុនមិនត្រូវបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ តាមទំនើងចិត្តនៅមុនពេលបានពិគ្រោះពិភាក្សាឱ្យបានពេញលេញ ព្រមទាំងឈានដល់មតិឯកភាពគ្នា ជាមួយប្រទេសពាក់ព័ន្ធនានា ដែលមានផលប្រយោជន៍យ៉ាងជិតស្និទ្ធ និងអង្គការថាមពលបរមាណូអន្តរជាតិ»។
កាលពីថ្ងៃទី១៣ ខែមេសា ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង ដើម្បីសម្តែការតវ៉ាយ៉ាងម៉ឺងម៉ាត់។ កាលពីថ្ងៃទី១៤ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញអាកប្បកិរិយាម្តងទៀតដោយបញ្ជាក់ថា មហាសមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុននោះទេ ហើយមហាសមុទ្រប៉ាស៊ីហ្វិក ក៏មិនមែនជាលូសម្រាប់បង្ហូរទឹកសំណល់របស់ជប៉ុនផងដែរ។ សំខាន់ជាងនេះទៅទៀត គឺការដែលជប៉ុនចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ មិនគួរឱ្យពិភពលោកទាំងមូលមកបង់តម្លៃនោះទេ។
ក្នុងរយៈពេលមិនជាយូរប៉ុន្មាន ដែលបានអូសទម្លាក់មនុស្សជាតិទាំងមូល ឱ្យចូលទៅក្នុងស្រមោលខ្មៅនៃការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ រដ្ឋាភិបាលជប៉ុន ក៏បានបោះជំហានដ៏គ្រោះថ្នាក់ជាទីបំផុត ក្នុងទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ ពោលគឺ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំរវាងអាមេរិកនិងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមដែលមានប្រធានបទគឺ រួមគ្នាទប់ទល់នឹងប្រទេសចិន។ សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង តៃវ៉ាន់ ហុងកុងនិងស៊ីនជាំង ល។ល។ បញ្ហាទាំងនេះដែលពាក់ព័ន្ធដល់អធិបតេយ្យភាព និងផលប្រយោជន៍ស្នូលរបស់ចិន សុទ្ធតែត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមនេះ។
ប្រការដែលគួរឱ្យយកចិត្តទុកដាក់ គឺ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំរវាងអាមេរិកនិងជប៉ុនលើកនេះ បានដាក់បញ្ជូលបញ្ហាតៃវ៉ាន់ ទៅក្នុងសេចក្តីថ្លែងការណ៍រួមជាលើកដំបូង នេះគឺជានិន្នាការដ៏សំខាន់មួយ វាបង្ហាញថា ជប៉ុនបានបំពានយ៉ាងកម្រោល នូវបញ្ហារសើបនៃទំនាក់ទំនងរវាងចិននិងជប៉ុន។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើនេះនឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងរវាងចិន និងជប៉ុននាពេលអនាគត។
កាលពីប៉ុន្មានឆ្នាំមុន ជប៉ុនធ្លាប់ធ្វើការខិតខំប្រឹងប្រែងនិងដើរស្របតាមទិសដៅដូចគ្នា ជាមួយប្រទេសចិន ហើយទំនាក់ទំនងរវាងចិននិងជប៉ុន ដើរតាមផ្លូវត្រឹមត្រូវ ដែលសំដៅទៅរកប្រក្រតីភាពជាបណ្តើរៗ។ ហេតុអ្វីបានជាបច្ចុប្បន្ន ជប៉ុនស្រាប់តែផ្លាស់ប្តូរខ្សែផ្លូវ?
ជប៉ុនក្លាយជាប្រទេសអាស៊ីមួយ ដែលធ្វើតាមគោលនយោបាយស្តីពី ការទប់ស្កាត់ប្រទេសចិនរបស់អាមេរិក យ៉ាងដុតដៃដុតជើង គឺមានមូលហេតុធំៗ។ ទីមួយ គិតរហូតដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែបានរក្សាការកាន់កាប់ដោយយោធាចំពោះជប៉ុន ការទូតរបស់ជប៉ុនគ្រាន់តែត្រូវចាត់ទុកថា ជា «អធិបតេយ្យពាក់កណ្តាល» ប៉ុណ្ណោះ វាមិនសូវមានលទ្ធភាពបង្កជម្លោះ ជាមួយសហរដ្ឋអាមេរិកនោះទេ។ ទីពីរ ប្រទេសជប៉ុនជាប្រទេសអាស៊ី ដែលគិតចង់ទប់ស្កាត់ប្រទេសចិនបំផុត។ ការច្រណែននិងការស្អប់ខ្ពើម ចំពោះអនាគតអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ចិន ទើបជា «ទស្សនៈតម្លៃរួមគ្នា» ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនិងជប៉ុន ក្នុងបញ្ហាពាក់ព័ន្ធដល់ចិន។
កាលពីមុន អាមេរិកបានឯកភាពថា ជប៉ុនអាចបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ គឺដើម្បីអូសទាញជប៉ុននិងដាក់សម្ពាធ ទៅលើប្រទេសចិន ភាគីទាំងសងខាងក៏បានឈានដល់គំនិតឯកភាពរួម និងគប់គិតគ្នាភ្លាមៗ។ យ៉ាងណាមិញ ប្រព័ន្ធសារព័ត៌មាន ក្នុងប្រទេសជប៉ុនមួយចំនួន បែរជាទទួលស្គាល់ឱ្យបានច្បាស់ អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុន។ កាសែត «Nihon Keizai Shimbun» នៃជប៉ុនបញ្ចេញឧទានថា ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសជប៉ុន បើនិយាយឱ្យពិរោះស្តាប់ គឺ «មានតម្លៃប្រើប្រាស់» បើនិយាយឱ្យពិបាកស្តាប់ គឺ «អាចត្រូវបានប្រើប្រាស់តាមទំនើងចិត្ត»។
អ្នកនយោបាយជប៉ុនមួយចំនួនចាំបាច់ត្រូវដឹងយ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ចិន។ ប្រសិនបើជប៉ុន ចង់បំពានខ្សែបន្ទាត់ក្រហម នៃប្រទេសចិនលើបញ្ហានេះ ជាមួយអាមេរិកនោះ អ្វីៗដែលបានរង់ចាំ មុខជាការតបតវិញដ៏ខ្លាំងក្លាជាមិនខាន ។ សូមទូន្មានដល់ជប៉ុន៖ ចេញឆ្ងាយពីបញ្ហាតៃវ៉ាន់។ អ្នកនយោបាយជប៉ុនដែលនៅចំពោះមុខនិយាយផ្សេង និងនៅខាងក្រោយខ្នងនិយាយផ្សេងទាំងនោះ ទីបំផុតនឹងទទួលយកផលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន៕