(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌កម្ពុជា បានជួបពិភាក្សាជាមួយតំណាងស្ថានទូតកាណាដា ប្រចាំនៅកម្ពុជា និងតំណាងក្រសួងយុត្តិធម៌ នៅប្រទេសកាណាដា ដេីម្បីពិភាក្សាចំនួន៤ចំណុច ស្តីពីច្បាប់ និងយុត្តិធម៌ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ។
កិច្ចពិភាក្សាគ្នារវាងលោក ជិន ម៉ាលីន តំណាងភាគីក្រសួងយុត្តិធម៌កម្ពុជា និងស្ថានតំណាងស្ថានទូត និងតំណាងក្រសួងយុត្តិធម៌ កាណាដា បានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈប្រព័ន្ធអនឡាញ Video Conference។
ពិភាក្សាគ្នាចំនួន៤ចំណុច ស្តីពីច្បាប់ និងយុត្តិធម៌រួមមាន៖
* ទី១៖ ការរៀបចំក្របខណ្ឌគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
*ទី២៖ ការពង្រឹងសមត្តភាពមន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីនៅតាមសាលាជម្រះក្តី
*ទី៣៖ ការពង្រឹងស្ថាប័នបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យច្បាប់ និងយុត្តិធម៌
និងទី៤៖ ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ក្រុមការងារនឹងធ្វើការងារជាមួយគ្នាជាបន្តទៀត ដើម្បីពិភាក្សា និងផ្លាស់ប្តូរនូវឯកសារទៅវិញទៅមក ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះ៕