(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលបណ្តឹងឧបាស្រ័យ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) ជាមុន ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងការរហាមឃាត់ធ្វើដំណើរនៅកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សាលាឧទ្ធរណ៍ភ្នំពេញ បានជូនដំណឹងដល់មេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណៈជនថា នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលវិធានការនេះរួមមានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ព្រំប្រទល់រាជធានី-ខេត្ត នៅកម្ពុជាជាបណ្តោះអាសន្ន។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋដែលជាភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងមិនអាចធ្វើដំណើរបាន មិនអាចអនុវត្តនីតិវិធីប្តឹងឧបាស្រ័យដោយផ្ទាល់ទៅសាលាជម្រះក្តីបានស្របតាមច្បាប់ និងនីតិវិធីជាធរមាននោះទេ។

ដើម្បីជៀសវាងការបាត់បង់សិទ្ធិឧបាស្រ័យរបស់ភាគី ដែលមានសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយសារមិនអាចធ្វើដំណើរមកធ្វើបណ្តឹងដោយផ្ទាល់ ដូច្នេះភាគីអាចធ្វើបណ្តឹងឧបាស្រ័យ តាមប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង១៦៖៣០នាទីរសៀល និងមានអ្នកទទួលបន្ទុកតាមប្រភេទរឿងដូចខាងក្រោម៖

* ក៖ ការធ្វើឧបាស្រ័យចំពោះសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងផ្សេងទៀត លើកលែងផ្នែកព្រហ្មទណ្ឌ ត្រូវធ្វើតាមតេលេក្រាមលេខ ០៧៧ ៧២៨ ៨៦៦ មាន លោកស្រី ស្រេង សូយ៉េត ទទួលបន្ទុក។

* ខ៖ ការធ្វើឧបាស្រ័យចំពោះសំណុំរឿងព្រហ្មទណ្ឌ ត្រូវធ្វើតាមតេលេក្រាមលេខ ០១៧ ៨៦៩ ៧៧៧ មាន លោក សែម សុផាត ទទួលបន្ទុក និងតេលេក្រាមលេខ ០១៧ ៥៥៩ ៨៥៩ មាន លោក សាយ សុខហឿន ទទួលបន្ទុក។

ការធ្វើបណ្តឹងឧបាស្រ័យតាមរយៈតេលេក្រាមខាងលើ ភាគីត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

* ១៖ បណ្តឹងនេះត្រូវបញ្ជាក់អត្តសញ្ញាណភាគីអ្នកប្តឹង ឬមេធាវីតំណាងដោយអាណត្តិតាមច្បាប់។

* ២៖ បញ្ជាក់ពីលេខសំណុំរឿងលេខសាលដីការដីកាសម្រេច កាលបរិច្ឆេទ ប្រភេទសំណុំរឿង ភាគីនៃសំណុំរឿង ប្រភេទនៃឧបាស្រ័យ មូលហេតុនៃបណ្តឹងឧបាស្រ័យ កាលបរិច្ឆេទនៃឧបាស្រ័យ។

* ៣៖ ភាគីឧបាស្រ័យត្រូវថត ពាក្យបណ្ដឹងឧបាស្រ័យ អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ ផ្ញើចូលតេលេក្រាមខាងលើ។

* ៤៖ អ្នកទទួលបណ្ដឹងឧបាស្រ័យ អាចធ្វើការបញ្ជូនឯកសារតាមរយៈតេលេក្រាមនេះ ជូនទៅភាគីឧបាស្រ័យវិញ ដូចជាដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តី ធ្វើសារណាមូលហេតុនៃឧបាស្រ័យ ជាដើម ដូច្នេះភាគីឧបាស្រ័យត្រូវធ្វើកិច្ចការនេះបម្រុងទុកជាមុនដើម្បីអនុវត្ត។

* ៥៖ ភាគីឧបាស្រ័យត្រូវចូលមកដាក់ពាក្យជាលាយល័ក្ខណ៍អក្សរ និងបំពេញលក្ខខណ្ឌតាមបណ្តឹង ឧបាស្រ័យនៅសាលាឧទ្ធរណ៍ភ្នំពេញឱ្យបានឆាប់ និងបំពេញលក្ខខណ្ឌតាមចំណុចទី៤ខាងលើ ក្រោយពេលវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ និងដើម្បីធានាថាសាលាឧទ្ធរណ៍នឹងចាត់ការជូនលោក
លោកស្រី បានឆាប់រហ័ស៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់សាលាឧទ្ធរណ៍ភ្នំពេញ៖