(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះក្នុងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ វេទិកាធ្វើឡើងក្រោមប្រធានបទ «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ»។
នៅចំពោះមុខមេដឹកនាំប្រទេសជាសមាជិកនៃវេទិកាបូអាវសម្រាប់អាស៊ី ដែលជាវេទិកាផ្តួចផ្តើមឡើងដោយប្រទេសចិននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ១៩ និងការប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ។
សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង»។
ក្នុងសុន្ទរកថាបើកវេទិកានេះ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់រដ្ឋាភិបាលចិនផងដែរ។ សម្តេចតេជោ បានគូសបញ្ជក់ថា ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, កាលានុវត្តភាពវិនិយោគ, ការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាង ប្រជាជននិងប្រជាជន។
សម្តេចតេជោបន្តថា ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់ បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងសុន្ទរកថាដដែលនេះ សម្តេចតេជោ ក៏បានឆ្លៀតកោតសរសើរប្រទេសចិន ក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៣លានដូស ដល់កម្ពុជា ដែលក្នុងនោះ ចំនួន ១.៣លានដូសជាជំនួយមនុស្សធម៌៕