(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៧ឆ្នាំ ដែលកើតជំងឺកូវីដ១៩ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងប៉ះទង្កិចក្បាលធ្ងន់ធ្ងរ មិនមែនដោយសារជំងឺកូវីដនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា មានស្ត្រីជនជាតិខ្មែរអាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ នៅពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសារមានគ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី តម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលចាក់អង្រៃ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២៖៥៧នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារប៉ះទង្គិច ក្បាលធ្ងន់ធ្ងរ រួមជាមួយ និងជំងឺទឹកនោមផ្អែមប្រចាំកាយ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕