(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី២ សម្រាប់បុគ្គលិក មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកផ្សេងៗទៀត ក្រោមឱវាទក្រសួង ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចររបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា
បុគ្គលិក មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកផ្សេងៗទៀត ដែលបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី១ រួចរាល់នៅទីស្តីការក្រសួង ហើយត្រូវទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ មេត្តាជ្រាបអំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកាលបរិច្ឆេទ និងទីកន្លែងរៀបចំដូចខាងក្រោម៖
* ទី១៖ បុគ្គលិកមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកផ្សេងៗទៀត ដែលមានអាសយដ្ឋានរស់នៅបច្ចុប្បន្នក្នុងទីតាំងខណ្ឌឫស្សីកែវ នៃភូមិសាស្ត្ររាជធានីភ្នំពេញ សូមទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ នៅតាមទីតាំងដែលនៅជិតបំផុតចំនួន៣កន្លែង រួមមាន៖ ទី១.ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ទី២.តារាងបាល់ទាត់របស់អគ្គិសនីកម្ពុជា និងទី៣. វិទ្យាល័យ ឫស្សីកែវ។
ទី២៖ ចំពោះបុគ្គលិកមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកផ្សេងៗទៀត ដែលមានអាសយដ្ឋានរស់នៅបច្ចុប្បន្ន ក្នុងទីតាំងខណ្ឌទាំង១៣ នៃភូមិសាស្រ្ត រាជធានីភ្នំពេញ (ក្រៅពីខណ្ឌឫស្សីកែវ) សូមទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ នៅតាមបណ្តាទីតាំងនៅជិតបំផុត ដែលបានរៀបចំដោយក្រសួងសុខាភិបាល
ចៀសវាងការចល័តឆ្លងកាត់ទីតាំងភូមិសាស្ត្រនៃខណ្ឌនីមួយៗ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចររបស់រាជរដ្ឋាភិបាល៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖