(កណ្ដាល)៖ គិតដល់ពាក់កណ្ដាលរាត្រីយប់ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលបានរកឃើញស្ត្រីអាជីវករលក់ត្រីម្នាក់ ដែលស្នាក់នៅសង្កាត់ព្រែកហូរវិជ្ជមានកូវីដ១៩ ក្រោយក្រុមអាជីវករ និងប្រជាពលរដ្ឋជាង៣៥០នាក់ផ្សេងទៀត បានធ្វើសំណាកតាំងពីក្បាលព្រលប់ថ្ងៃទី១៩ ខែមេសា។ នេះបើតាមការបញ្ជាក់របស់មន្ត្រី និងអាជ្ញាធរខេត្តកណ្តាល ប្រាប់មកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត។
តាមប្រភពបានបញ្ជាក់ថា ស្ត្រីរូបនេះមិនទាន់មានអាការៈសង្ស័យអ្វីនៅឡើយទេគឺធម្មតា។ ប៉ុន្តែបន្ទាប់ពីយកសំណាក និងធ្វើតេស្តដោយឧបករណ៍ទំនើបម៉ាក Rappid Test រួចមក ពី១០-១៥នាទីក្រោយ ក៏ស្រាប់តែចេញលទ្ធផលវិជ្ជមាន-១៩។ ភ្លាមៗមន្ត្រីសុខាភិបាល ក៏បញ្ជូនស្ត្រីរូបនោះទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗផងដែរ។ ស្ត្រីមានវិជ្ជមានកូវីដ១៩នេះ ឈ្មោះ ជិន សម្ភស្ស អាយុ៣៨ឆ្នាំ ជាអាជីវករលក់ត្រីនៅផ្សារកីឡដ្ឋាននេះ ហើយគ្រួសាររបស់អ្នកស្រី និងអ្នកដែលពាក់ព័ន្ធទាំងឡាយ ក៏នឹងត្រូវយកទៅធ្វើចត្តាឡីស័កព្រមទាំងយកសំណាកផងដែរ។
អាជ្ញាធរខេត្តកណ្តាល សូមអំពាវនាវអ្នកដែលបានមកទិញស្បៀងអាហារនៅផ្សារកីឡដ្ឋាននេះ ពិសេសអ្នកដែលបានទិញត្រីពីអាជីវករខាងលើនេះ សូមតាមដានពិនិត្យសុខភាពខ្លួនឯងឱ្យបានម៉ត់ចត់ ហើយបើអាចគួរដាក់ខ្លួនឱ្យដាច់ដោយឡែកសិន ដើម្បីការពារក្រែងលោឆ្លងពីស្ត្រីរូបនោះ ឬបើសិនក្នុងករណីសង្ស័យ សូមទាក់ទងមកមន្ត្រីអាជ្ញាធរភ្លាមៗ។
ស្ថិតនៅក្នុងឱកាសចុះពិនិត្យមើលការយកសំណាកនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា «ដើម្បីប្រាកដថា អាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារកីឡដ្ឋានក្រុងតាខ្មៅនេះ ត្រូវយកសំណាក ហើយបើលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះវិញ»។
លោកក៏ជំរុញដល់បងប្អូនអាជីវករទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តន៍តាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ព្រោះជំងឺនេះឆ្លងសាហាណាស់ ហើសូមអនុវត្តន៍តាមវិធាការបិទខ្ទប់របស់រដ្ឋបាលខេត្តឱ្យបានប់ខ្ជាប់ខ្ជួន។ បើមិនចាំបាច់ខ្លាំងទេកុំចេញពីផ្ទះ អាណិតខ្លួន ក្រុមគ្រួសាខ្លួន និងអាណិតមន្ត្រីអាជ្ញាធរពាក់ព័ន្ធផង។ ពួកគាត់ខិតខំ និងនឿយហត់ខ្លាំងណាស់។ ដូច្នេះ សុំបងប្អូនទាំងអស់គ្នាមេត្តាយោគយល់ អនុវត្តន៍ទាំងអស់គ្នាឱ្យបានដាច់ខាត ដើម្បីរួមគ្នាកំចាត់មេរោគកូវីដ-១៩នេះ ចេញឱ្យអស់ពីប្រទេសយើង។
គួរបញ្ជាក់ថា គេពុំទាន់ដឹងច្បាស់ទេថា អភិបាលខេត្តកណ្ដាល នឹងសម្រេចបិទផ្សារនេះទៀត ឬយ៉ាងណានោះទេ ព្រោះគ្រប់ផ្សារទាំងអស់នៅក្រុងតាខ្មៅបានបិទអស់ហើយ នៅឡើយសល់តែផ្សារបណ្ដោះអាសន្តមួយនេះប៉ុណ្ណោះ ជាក្ដីសង្ឃឹមចុងក្រោយសំរាប់ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងការទិញស្បៀងអាហារ។
គួររម្លឹកថា គិតមកដល់យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អត្រាអ្នកពាក់ព័ន្ធនឹងព្រត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅទូទាំងខេត្តកណ្ដាល មានចំនួន ២០,៥៧៨នាក់ ក្នុងនោះអ្នកមានវិជ្ជមានសរុប ៥២៦នាក់, ជាសះស្បើយចំនួន៣២៦នាក់, កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលមានចំនួន ១៥១៨នាក់ នៅតាមផ្ទះមានចំនួន ៦២៦៣នាក់, អ្នកត្រូវបញ្ចប់ចត្តាឡីស័ក នៅតាមមណ្ឌលមានចំនួន ២២៨១នាក់ និងតាមផ្ទះមានចំនួន ១០,០៦៩នាក់៕