(ភ្នំពេញ)៖ អ្នកបើកបរយានយន្ត៦នាក់ទៀតហើយ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ឃាត់ខ្លួនបន្ទាប់ពីរកឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ ហើយនៅតែបន្តបើកយានយន្ត ដោយមិនគិតពីសុវត្ថិភាពរបស់ខ្លួនឯង និងអ្នកដទៃ។
បើយោងតាមរបាយការណ៍ អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៧៦៨ គ្រឿង (ម៉ូតូចំនួន៤៩៣ គ្រឿង និងរថយន្ត២៧៥ គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន២៧៣ គ្រឿង (ម៉ូតូ២១៣គ្រឿង និង៦០ គ្រឿង) អប់រំអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងក្រោម ០.២៥ ចំនួន ៦ នាក់(ម៉ូតូចំនួន៤នាក់ និងរថយន្តពីរនាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់ ០.៣៩ មីលីក្រាម២នាក់ (ម៉ូតូម្នាក់និងរថយន្តចំនួនម្នាក់។
លើសពីនេះទៅទៀតនោះ កម្លាំងនគរចរាចរណ៍បានធ្វើការឃាត់ខ្លួន អ្នកបើកបរស្រវឹងចំនួន៣នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួនម្នាក់ មានអត្រាជាតិអាល់កុលពី ០.៦៣ ដល់ ០.៧១ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៤៧ និង០.៨០ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣០លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៥៣នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៦០នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន១៩៣នាក់៕