(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចមួយ ផ្អាកអាជីវកម្មទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ សម្រេចឲ្យអាជីវករលក់ដូរនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ផ្សារចិន) ទាំងអស់មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ដល់មន្ដ្រីសុខាភិបាល។
ក្រុមឆ្លើយតបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ។ ក្នុងករណីអាជីវករណាខកខានមិនបានទៅផ្ដល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្ដល់វត្ថុសំណាកនៅវេទិកា ៧មករារៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។
បន្ថែមពីនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំអាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា ការសម្រេចផ្អាកអាជីវកម្មទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់នៅតំបន់មួយនេះ។ កន្លងទៅរដ្ឋបាលខេត្តព្រះសីហនុ ក៏បានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មគ្រប់ប្រភេទនៅផ្សារលើ ក្រុងព្រះសីហនុផងដែរ៕