(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន២៩៧បាវ, មីជាតិ ចំនួន១៩៧៥កេស, ទឹកត្រី ១៣៦យួរ និងទឹកស៉ីអ៉ីវ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រថយន្តចល័តរបស់ក្រុមហ៊ុន Green Trade របស់ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន រហូតដល់ស្ថានការបានធូរស្រាល។
លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បន្ដចល័តលក់នៅតំបន់ ដែលមានកម្មករស្នាក់នៅច្រើន ដែលមានតំរូវការ ហើយជួបការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល។
លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា យុទ្ធនាការនេះបានចូលរួមចំណែក ក្នុងការកាត់បន្ថយការឡើងថ្លៃទំនិញ និងជួយសំរួលការលំបាករបស់ពលរដ្ឋ ក្នុងកាលៈទេសៈនៃការបិទខ្ទប់នេះ។
សហព័ន្ធស្រូវអង្ករ រួមជាមួយក្រុមហ៊ុន Green Trade ក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមចែកចាយលក់អង្ករតាមទីតាំង នៅនឹងកន្លែង ដោយថ្លៃទាបជាងទីផ្សារផងដែរ។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត ក៏ចូលរួមចែករំលែកដោយស្ម័គ្រចិត្តលក់អង្ករ ត្រីខកំប៉ុងក្នុងតម្លៃថោកផងដែរ។
សូមជម្រាបថា តាមរយៈសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដែលចាត់ទុកជា «តំបន់ក្រហម»។
សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្រប សម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក្រហម ដោយអនុវត្តសេវាលក់ តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ»៕