(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះទៅបង្ក្រាបការជួបជុំផឹកស៊ី និងចាប់ខ្លួនបុរស៦នាក់ភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដែលបំពានបំរាមរបស់រាជរដ្ឋាភិបាល ពេលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបិទខ្ទប់។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា នៅវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់ បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងចុះចាប់ខ្លួនជនផឹកស៊ីទាំងនោះ យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅតាមខេត្តមួយចំនួនអាជ្ញាធរ និងសមត្ថកិច្ចខេត្តទាំងនោះ បានចុះបង្ក្រាបជាបន្តបន្ទាប់ ចំពោះការជួបជុំផឹកស៊ី ដែលជាហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩៕