(កំពង់ឆ្នាំង)៖ គ្រួសារ និងអ្នកជិតខាងជាច្រើននាក់ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំបុណ្យសពឲ្យបុរសម្នាក់ទាំងមិនដឹងថា គាត់កើតជំងឺកើតកូវីដ១៩ នោះទេ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នាំឲ្យមានការផ្អើលយ៉ាងខ្លាំង ពេលដឹងថាអ្នកដែលស្លាប់នោះមានលទ្ធផលវិជ្ជមានកូវីដ ពេលធ្វើតេស្តរួច។

សពដែលស្លាប់មានឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានស្លាប់ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

បន្ទាប់ពីគាត់ស្លាប់ហើយ ទើបមានការសង្ស័យ ក៏យកសំណាកគាត់ទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាវេលាម៉ោង ៨៖០០ព្រឹក ដោយឧបករណ៍តេស្តរហ័ស (Rapid Test) ហើយលទ្ធផលបានបញ្ជាក់ នៅម៉ោង ៤៖០០រសៀលនាថ្ងៃដដែល។ នេះបើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ប្រាប់មកភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ដែលចុះទៅយកព័ត៌មានដោយផ្ទាល់។

អាជ្ញាធរបញ្ជាក់ថា មានមនុស្សជាច្រើននៅក្នុងមូលដ្ឋាន បានពាក់ព័ន្ធជាមួយសពខាងលើ ដោយសារតែនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានការសែនព្រេនកូនចៅ ខណៈដែលគាត់ស្លាប់នៅយប់ថ្ងៃដដែលនោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារមិនដឹងថា គាត់កើតកូវីដ១៩ ក៏មានការរៀបចំបុណ្យសព និងមានមនុស្សជាច្រើនទៀត បានទៅបុណ្យសពរបស់គាត់។

សពបុរសខាងលើ ត្រូវបានយកទៅបូជារំលាយយកធាតុ នៅវត្តមួយកន្លែងក្នុងមូលដ្ឋាននេះ មុនពេលលទ្ធផលធ្វើតេស្តបញ្ជាក់ថា គាត់កើតកូវីដ១៩។ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានដាក់រថយន្តជាច្រើនគ្រឿង ដើម្បីត្រៀមទៅដឹកមនុស្សមួយភូមិ ដែលមានការសង្ស័យថាពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩នេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក៕