(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះ។
ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះរួមមាន៖
* ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ
* ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
«តំបន់ក្រហម» រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំដោយកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត រួមមាន៖
* បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាត ឱ្យធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរ ក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
* ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារដូចតទៅនេះ ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការជាធម្មតា៖ ១៖ សេវាពន្លត់អគ្គិភ័យ, ២៖ សេវាផ្គត់ផ្គង់អគ្គិសនី, ៣៖ សេវាផ្គត់ផ្គង់ទឹកស្អាត, ៤៖ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថានផង, ៥៖ ទីតាំងផលិតនិងផ្គត់ផ្គង់ អាល់កុល និងអុកស៊ីហ្សែន, ៦៖ ទីតាំងផលិត និងផ្គត់ផ្គង់មី, ៧៖ ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ, ៨៖ សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, ៩៖ សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខាពេទ្យ និង១០៖ សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។
* ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែងតែ៖ ១៖ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, ២៖ ការធ្វើដំណើរដែលទាក់ទងនឹង សកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ គ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្ម ដែលចេញដោយគណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ., ៣៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ និងឯកជន ដោយរួមទាំង ផ្នែកឱសថស្ថាន ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល, ៤៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាពន្លត់អគ្គិភ័យ, ៥៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, ៦៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដើម្បីចេញ-ចូល ទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, ៧៖ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាសង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន ដោយមានលិខិតអនុញ្ញាត ចេញដោយក្រសួងសុខាភិបាល, ៨៖ ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់មី ដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិ នៃគ.ប.ខ, ៩៖ ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែនដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ម. និង ១០៖ ការធ្វើដំណើររបស់បុគ្គលិកលក់ និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារ ដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.។
* ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ និងវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មខាងលើនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវ មធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕