(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពីកាដាក់ចេញវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ស្នងការខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកទាំង ៨ក្នុងខេត្ត។

លោក ជាវ តាយ បានលើកឡើងថា កិច្ចប្រជុំពេលនេះ មានគោលបំណងពង្រឹងការអនុវត្តន៍ វិធានការនានារបស់រាជរដ្ឋាភិបាលក៏ដូចជា របស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ក្នុងគោលដៅដើម្បីរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនោះរដ្ឋបាលខេត្តបានសម្រេចដាក់ឆ្លងកិច្ចប្រជុំគឺពាក់ព័ន្ធលើខ្លឹមសារ ការដាក់ចេញនូវពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល រួមនឹងការពង្រឹង នៃការអនុវត្តស្មារតីអនុក្រឹត្យ ស្ដីពីកាតព្វកិច្ចទទួលការចាក់វ៉ាក់សាំង រួមនឹងសេចក្ដីសម្រេចមួយចំនួនផ្សេងទៀត របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យការអនុវត្តការងារ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទទួលបានលទ្ធផល និងមានប្រសិទ្ធភាព ពិសេសឆាប់បញ្ចប់បាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅពេលខាងមុខនេះ ដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រសើរឡើងវិញ។

លោក ជាវ តាយ បានបញ្ជាក់ថា លទ្ធផលការងារសម្រេចបានគ្រប់វិស័យ ដែលរដ្ឋបាលខេត្តកំពត តែងបានអនុវត្តកន្លងមក គឺមិនអាចកាត់ផ្ដាច់ចេញពី កម្លាំងសាមគ្គី នៃការចូលរួមយ៉ាងសកម្មផុលផុស ពីកងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ថ្នាក់ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់បានឡើយ។

ជាក់ស្ដែងក្រៅពីការងារអភិវឌ្ឍន៍ ការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន គឺការងារដ៏សំខាន់ នៅចំពោះមុខថែមទៀតនោះ គឺការងារប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ដែលប្រមុខរដ្ឋាភិបាល បាននិងកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់ យ៉ាងខ្លាំង ហើយបានជំរុញណែនាំ ឲ្យអាជ្ញាធររាជធានី ខេត្ត អនុវត្តឲ្យមានប្រសិទ្ធភាព។ ដោយឡែក ខេត្តកំពត អនុវត្តបាននូវប្រសិទ្ធភាព ហើយមិនទាន់មានការឆ្លងរាលដាលក្នុងសហគមន៍នៃភូមិសាស្ត្រខេត្តនៅឡើយទេ។

លោកអភិបាលខេត្ត បន្តថា «បច្ចុប្បន្នកម្ពុជាយើងកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវី១៩ ជាគំហុក និងមិនទាន់ធូរស្បើយនៅឡើយ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក៏ដោយ។ បញ្ហាទាំងអស់នេះ បានថែមបន្ទុកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បាននិងកំពុងជម្រុញការយកចិត្តទុកដាក់បំផុត ដែលក្នុងនោះត្រូវទាមទារឱ្យរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តខិតខំយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែមទៀត ក្នុងការចូលរួមប្រយុទ្ធនិងបង្ការទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍»