(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្តីជូនដំណឹងដដែលនេះ គណៈកម្មការចំពោះកិច្ចវ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល ក៏បានបង្ហាញលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងពាក់ព័ន្ធទៅនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានដូចខាងក្រោម៖

១៖ ក្រុមការងារទំនាក់ទំនងសាធារណៈ/លេខាធិការដ្ឋាន៖ ០១២ ៧៧៧ ៧៦០, ០១២ ៩១៦ ០៩៩ និង ០១២ ៩០៤ ៣៨៥។
២៖ ក្រុមការងារចុះឈ្មោះ និងប្រព័ន្ធព័ត៌មានវិទ្យា៖ ០១២ ៨៩៧ ០៤៣, ០៨៥ ៧៧៧ ០៥៦ និង ០១២ ៨៦៨ ៦៤០។
៣៖ ក្រុមការងារសុវត្ថិភាពវ៉ាក់សាំង និងការប្រាស្រ័យទាក់ទងហានីភ័យ៖ ០១២ ៨៨៧ ៣៨៧, ០១២ ៨៣៦ ៨៦៨ និង ០១២ ៨៩១ ៥២៧។

បើយោងតាមសេចក្តីសម្រេចលេខ៥០ ស្តីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ការធ្វើដំណើរដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ត្រូវបានអនុញ្ញាត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

សម្តេចបន្តថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលបិទខ្ទប់។

សូមជម្រាបថា កម្ពុជាកម្ពុជាជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ មូលហេតុនេះ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទី ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖