(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្រ្តរមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ពីរដ្ឋាភិបាលចិន ដែលផ្តល់ជូនមករដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ពិធីប្រគល់ និងទទួល ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តរមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩នេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រមន្ទីរពិសោធន៍ សម្រាប់ធ្វើតែស្តរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តព្រះសីហនុនាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែបង្កើនល្បឿននៃការពិនិត្យសំណាករកវីរុសកូវីដ-១៩ នៅខេត្តព្រះសីហនុប៉ុណ្ណោះទេ តែនឹងអាចពិនិត្យសំណាកបណ្តាខេត្តនៅជុំវិញផងដែរ ដែលនេះជាការរួមចំណែកជំរុញការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ បានឆាប់រហ័ស។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ចំណងមិត្តភាពកម្ពុជា-ចិន បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេស ជំនួយឥតសំណងជាច្រើនត្រូវបានផ្ដល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកវិស័យ សុខាភិបាលកម្ពុជា។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។លោកបានបញ្ជាក់ទៀតថា៖ គិតត្រឹមថ្ងៃនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវី-១៩ ចំនួនបីលាន បីសែនដូសរួចហើយ ដែលរួមទាំងជំនួយ ទាំងការសម្របសម្រួលទិញដោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស លោកឯកអគ្គរដ្ឋទូតចិន ដែលតែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។
រដ្ឋមន្ត្រីសុខាភិបាល ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណ លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានសហការគាំទ្រគ្នាយ៉ាងល្អ និង សម្តែងការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបាន ខិតខំយកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាជនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ គោរពយ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយរបស់រាជរដ្ឋាភិបាល និងក្រមសីលធម៌វិជ្ជាជីវៈ៕