(ពោធិសាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបញ្ជាក់ថា មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បាននឹងកំពុងរៀបចំបោសសំអាតផ្លូវ និង គូសគំនូសចែកទ្រូងផ្លូវ ពីចំណុចក្បាលស្ពានថ្ម រហូតដល់ចុងកោះសំពៅមាស ផ្លូវលេខ១០១ ក្រុងពោធិ៍សាត់ ហើយសំណង់អគារដ៏ធំរបស់រដ្ឋបាលសាលាខេត្តក៏បាននឹងកំពុងស្ថាបនាសព្វថ្ងៃនេះ ។
ដោយឡែកការអភិវឌ្ឍន៍ដែលកំពុងដំណើរការទៅមុខរួមមាន ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជួសជុល និង ស្ថាបនាផ្លូវកៅស៊ូ សួនច្បារតាមមាត់ស្ទឹង ភ្លើងបំភ្លឺតាមដងផ្លូវ និង រង្វង់មូលជាដើម ។
បើតាម Facebook របស់សាលាខេត្តពោធិ៍សាត់ បានសរសេរផងដែរថា «នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រោមការដឹកនាំ និង ចង្អុលការ របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត រៀបចំបោសសំអាតផ្លូវ និង គូសគំនូសចែកទ្រូងផ្លូវ ពីចំណុចក្បាលស្ពានថ្ម រហូតដល់ចុងកោះសំពៅមាស ផ្លូវលេខ១០១ ក្រុងពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និង ដើម្បីលម្អសោភណ្ឌភាពក្រុងពោធិ៍សាត់ ឲ្យមានសម្រស់កាត់តែទាក់ទាញផងដែរ»។
ជាងនេះទៅទៀត លោក ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋមើលឃើញថា មានការអភិវឌ្ឍគួរឲ្យកត់សំគាល់ ដូចជាសំណង់អគារដ៍ធំរបស់រដ្ឋបាលសាលាខេត្ត ដែលកំពុងស្ថាបនាសព្វថ្ងៃនេះ ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជុសជុល និង ស្ថាបនាផ្លូវកៅស៊ូ សួនច្បារតាមមាត់ស្ទឹង ភ្លើងបំភ្លឺតាមដងផ្លូវ និង រង្វង់មូលជាដើម។
គួរបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឈន៍កំពុងដំណើរការទៅមុខ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចំបង ដូច្នេះទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ចេះគោរពច្បាប់ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសជួយការពារអាយុជីវិត របស់បងប្អូនយើងទាំងអស់គ្នា ៕