(ភ្នំពេញ)៖ ដើម្បីធានាផលប្រយោជន៍របស់កម្មករនិយោជិត អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការងារដែល Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ដើម្បីជាការធានាផលប្រយោជន៍របស់កម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពដូចខាងក្រោម៖
* ទី១៖ ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។
* ទី២៖ ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បាន បើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់។
* ទី៣៖ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌សាមគ្គីភាព និងទំនួលខុសត្រូវសង្គម នៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖