(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានរួមសហការជាមួយ កងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បន្តការស្រាវជ្រាវ ដែលឈានដល់ការបង្ក្រាបឃាត់ខ្លួនជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាពលបលួចចែកចាយថ្នាំញៀន។
ប្រតិបត្តិការរបស់កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ត្រូវធ្វើឡើងនៅរសៀល ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្ឌះជួលគ្មានលេខ ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន ទី១. ឈ្មោះ ដួង ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរលក់ត្រី និង២. ឈ្មោះយិន ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរនៅផ្ទះ ជនសង្ស័យទាំង២នាក់ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បន្ទាប់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ បានចេញបទបញ្ជាយ៉ាងក្ដៅគគុក ចំពោះ តាមបណ្ដាអធិការខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាប៉ុស្ដិ៍ណា ដែលបណ្ដែតបណ្ដោយ ឲ្យកម្លាំងនគរបាលថ្នាក់ស្នងការដ្ឋានរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នោះច្បាស់ត្រូវជាបាត់បង់តំណែង ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបន្តការស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាបជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដោយបានរកឃើញសារធាតុញៀនជាប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ ដែលជនត្រូវជាប់សង្ស័យបានរក្សាទុកធ្វើសកម្មភាពផ្ដល់ការចែកចាយដោយខុសច្បាប់នៅទីតាំងដែលចំណុចកើតហេតុខាងលើ ។
បច្ចុប្បន្នជនត្រូវសង្ស័យជួញដូរខុសច្បាប់នូវសារធាតុទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ ៕