(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដែលចាត់ទុកជា «តំបន់ក្រហម»។ នេះបើតាមសេចក្តីណែនាំបន្ទាន់មួយលើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្រប សម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក្រហម ដោយអនុវត្តសេវាលក់ តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ»។
លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអាជ្ញាធរ អនុវត្តវិធានការបិទខ្ទប់ ត្រូវចាត់ចែងជាបន្ទាន់ ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងតំបន់ក្រហម។
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស។
ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕
*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
Join US: https://t.me/freshnewsasia