(បាត់ដំបង)៖ លោក សេង យូអ៊ាន់ អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឯកភ្នំ នាព្រឹកថ្ងៃទី៦ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅបើកការដ្ឋានស្តារប្រឡាយ១ខ្សែប្រវែង១គីឡូម៉ែត្រ ដែលមានជម្រៅ១ម៉ែត្រ បាតក្រោម២ម៉ែត្រ និងមាត់លើ៤ម៉ែត្រ ស្ថិតក្នុងចំណុចបឹងចក ភូមិស្វាយជ្រុំឃុំព្រែកនរិន្ទស្រុកឯកភ្នំ ។
ក្រោយបញ្ចប់កម្មវិធីនេះ លោកបានដឹកនាំក្រុមការងារ បន្តចែកមូលនិធិសម្តេចក្រឡាហោមជូនស្រ្តីសម្រាលកូនចំនួន៣ឃុំនៅស្រុកឯកភ្នំ។
លោក សេង យូអ៊ាន់ បានថ្លែងថា យោងតាមសំណើររបស់ប្រជាពលរដ្ឋ និងមើលឃើញជាក់ស្តែងដែលប្រជាពលរដ្ឋមានជួបការលំបាកនៅក្នុងមូលដ្ឋាន ក្នុងនាមក្រុមការងារចុះជួយស្រុក លោកបានឆ្លើយតបនិងសំណូមពរដោយមានការឯកភាពពីប្រធានក្រុមការងារផងនោះ ទើបក្រុមការងារយើងបានធ្វើពិធីបើកការដ្ឋានស្តាប្រឡាយចាស់១ខ្សែប្រវែង១ពាន់ម៉ែត្រដែលមានជម្រៅ១ម៉ែត្រ បាតក្រោម២ម៉ែត្រនិងមាត់លើ៤ម៉ែត្រ នៅចំណុចបឹងចក សម្រាប់ទុកជូនប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិស្វាយជ្រុំ ភូមិព្រែកតាច្រែងនិងភូមិព្រែកក្រូច ក្នុងឃុំព្រែកនរិន្ទ ប្រើប្រាស់ធ្វើស្រែប្រាំងនិងស្រែវស្សា ដែលជាប្រយោជន៍រួម និងបានទទួលបានលទ្ធផលរៀងខ្លួន ដើម្បីជួយបង្កើនចំណូលដល់ពួកគាត់ហើយបានកាត់បន្ថយភាពក្រីក្រផងដែរ។
លោក សេង យូអ៊ាន់ បានបន្តថា មានតែគណបក្សប្រជាជនមួយគត់ដែលតែងតែនៅជិតដឹងសុខទុក្ខពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ទីណាមានការលំបាលទីនោះមានមុខក្រុមការងារគណបក្សប្រជាជនកម្ពុជាចាំជួយជានិច្ច។ លោកសូមផ្តាំផ្ញើដល់បងប្អូនថា សូមកុំជឿឃោសនាអកុសលរបស់គណបក្សផ្សេងទៀតឲ្យសោះ ព្រោះពួកគេតែងតែបោកប្រាស់ភូតកុហក់ប្រជាពលរដ្ឋជាហូរហែររហូតមក។
បន្ទាប់ពីបានសំណេះសំណាលរួច គណអធិបតីបានប្រគល់កុំព្យូទ័រយួរដៃ១គ្រឿងនិងព្រីនធ័រ១គ្រឿង ជូនទៅអនុវិទ្យាល័យឯកភ្នំ សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។ បន្ទាប់មកលោកក៏បានបន្តចុះចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួនជិត៤០លានរៀល សម្រាប់ស្ត្រីសម្រាលកូនជានិមិត្តរូបសម្រាប់៣ឃុំ គឺឃុំព្រែកនរិន្ទ ឃុំពាមឯក និងឃុំព្រៃចាស់ផងដែរ៕