(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បង្កើតក្រុមប្រចាំការ និងដោះស្រាយការងារប្រចាំថ្ងៃ អំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានតាមរយៈហ្វេសបុកផ្លូវការរបស់ក្រសួងរៀបចំដែនដីនៅថ្ងៃនេះ បានឱ្យដឹងថា ក្រុមការងារនេះមានសមាសភាព៦រូប ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានសមាជិកដូចជា លោក ថេង ច័ន្តសង្វារ រដ្ឋលេខាធិការ, លោក លាង មុន្នីរិទ្ធ រដ្ឋលេខាធិការ, លោក ឡោ សាវុធ រដ្ឋលេខាធិការ, លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង លោក ឆាយ ឫទ្ធិសែន អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម។

បើតាមសេចក្តីសម្រេចនេះ, ក្រុមប្រចាំការ និងដោះស្រាយការងារប្រចាំថ្ងៃមានភារកិច្ចដូចខាងក្រោម៖

* ដឹកនាំ និងដោះស្រាយការងារប្រចាំថ្ងៃ ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួង ក្នុងដំណាក់កាល នៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

* តាមដាន និងសម្របសម្រួលកិច្ចការជំនាញរបស់ក្រសួងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

* តាមដានសុខភាពនិងដោះស្រាយសំណូមពរចាំបាច់របស់មន្ត្រីទាំងអស់ដែលបំពេញការងារ តាម Online នៅគេហដ្ឋាន ក្នុងអំឡុងពេលបិទខ្ទប់

* តាមដាននិងណែនាំដល់មន្ត្រីទាំងអស់ដែលបំពេញការងារតាមOnline នៅគេហដ្ឋាន ឱ្យគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្លួនវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងផ្តល់ព័ត៌មានជាប្រចាំមកក្រុមប្រចាំការ

* ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការចាំបាច់នានាតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩។

តាមប្រការ៣ថ្មី នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានឱ្យដឹងថា អំឡុងពេលបិទខ្ទប់នេះ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យ ស្ថាប័នសាធារណៈធ្វើសកម្មភាពការងាររបស់ខ្លួន ប៉ុន្តែប្រធានស្ថាប័នកំណត់ឱ្យមានមនុស្សធ្វើការមិនឱ្យលើសពី២ភាគរយឡើយ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី៖