(រតនគិរី)៖ កម្លាំងសមត្ថកិច្ចខេត្តរតនគិរី ចាប់រថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមួយគ្រឿង ដែលលួចដឹកមនុស្សធ្វើដំណើរដោយខុសច្បាប់ មកពីរាជធានីភ្នំពេញ បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ពេលកំពុងផ្ទុះរីករាលដាលជំងឺកូវីដ១៩។
សេចក្ដីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មាន ពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងសមត្ថកិច្ចចម្រុះដែលប្រចាំការទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពក ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង សហការជាមួយ អាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបំរាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) ដោយជ្រកក្រោមរថយន្ដសង្គ្រោះបន្ទាន់។
បើតាមសេចក្ដីរាយការណ៍ រថយន្ដសង្គ្រោះបន្ទាន់ដែលសត្ថកិច្ចឃាត់បាននេះ ជាកម្មសិទ្ធិរបស់គ្លីនិកឯកជន ដែលពួកគេចេញពីមន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ ដោយក្នុងនោះ សមត្ថកិច្ចឃាត់បានមនុស្ស៤នាក់ រួមមាន ទី១៖ឈ្មោះ បៀន ពក អាយុ៣៣ឆ្នាំ ជាអ្នកបើកបរ, ទី២៖ ឈ្មោះ ញ៉ឹប គត់ អាយុ ៣៨ឆ្នាំ ជាព្រូឡាន, ទី៣៖ ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៤៖ ឈ្មោះ ប៊ុត ប៊ុនរក្សា អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច បានបន្ដថា រថយន្តសង្គ្រោះបន្ទាន់នេះ ជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិកពេទ្យលោកសង្ឃ ដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹក មនុស្ស២នាក់ ឈ្មោះ ឃាង ចន្នី និងឈ្មោះ ប៊ុត ប៊ុនរក្សា ក្នុងតម្លៃ៦០០ដុល្លារ ពីពេទ្យលោកសង្ឃ មកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុង ឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំ វិញដើម្បីចាត់ការបន្ត។
បច្ចុប្បន្នអ្នកបើកបរ និងព្រូឡាន ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក និងចាត់ការទៅតាមនីតិវិធី។ ដោយឡែក អ្នកដំណើរ២នាក់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហម ស្រុកកូនមុំ ដើម្បីធ្វើចត្តាឡីស័កផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជនទាំងអស់ ក្រសួងអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕