Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ នៅឃុំរកាគយ ស្រុកកងមាស ជាកម្មកររោងចក្រនៅភ្នំពេញ

19-04-2021 13:15

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ឈ្មោះ អ៊ុក សាឌី អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ សានសេង នៅរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា អ្នកជំងឺកូវីដ១៩ឈ្មោះ អ៊ុក សាឌី នេះបានទៅស្រុកកំណើតនៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ហើយបានជួបជុំគ្នាផឹកស៉ីជាមួយមនុស្សជាច្រើននាក់ផ្សេងទៀត។

លុះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកធ្វើចត្ដាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ទើបនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមេសានេះ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលនេះបានប៉ះពាល់ផ្ទាល់មួយអ្នកដទៃផ្សេងទៀត ចំនួន១៤នាក់ ក្នុងនោះក្រុមគ្រួសារចំនួន៦នាក់ និងមិត្តភ័ក្រ ដែលមកជួបជុំផឹកស៉ីជាមួយគ្នា ចំនួន៧នាក់ ព្រមទាំងអ្នករួមដំណើរមកពីភ្នំពេញម្នាក់ទៀតផងដែរ។ ជាមួយគ្នានេះ សម្រាប់អ្នកប៉ះពាល់ប្រយោល អាជ្ញាធរកំពុងស្រាវជ្រាវបន្ដទៀត។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ឈ្មោះ អ៊ុក សាឌី សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕