(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានថ្លែងថា រូបលោកគ្មានពេលវេលាប្រជែងយកតំណែងអភិបាលខេត្តព្រះវិហារ ដូចការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដោយរវល់ខិតខំបម្រើការងារជូនប្រជាពលរដ្ឋក្នុងតួនាទីជាអភិបាលខេត្តឧត្តរមានជ័យ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រគល់ឲ្យ។
ការប្រកាសបដិសេធប្រជែងយកតំណែងអភិបាលខេត្តព្រះវិហារនេះ បានធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួន ផ្សព្វផ្សាយថា លោក ស ថាវី រួមនិងមន្ត្រី ៣រូបផ្សេងទៀត កំពុងនាំគ្នាអន្តរាគមន៍ប្រជែងយកតំណែងអភិបាលខេត្តព្រះវិហារ គ្រាដែលលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តបច្ចុប្បន្នកំពុងឈានដល់អាយុចូលនិវត្តន៍។
ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសារុបលទ្ធផលការងារ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តឧត្តរមានជយ័ជាមួយ លោក គីម រឹទ្ធី អនុប្រធានគណៈកម្មាធិការកណ្តាល សហភាពសហពន្ធ័យុវជនកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ លោក ស ថាវី បានថ្លែងបន្តថា៖ មុនពេលលេចចេញព័ត៌មាននេះ ពោលគឺនៅថ្ងៃសុក្រ ទី០៤ ខែមីនា ពេលលោកកំពុងប្រជុំគណៈរដ្ឋមន្ត្រី តាមរយៈវីដេអូខុនហ្វឺរិននៅសាលាខេត្ត មានអ្នកសារព័ត៌មានទូរសព្ទ័សួរលោកពាក់ព័ន្ធការដោះដូរតំណែងអភិបាលខេត្តព្រះវិហារ។ ពេលនោះដោយសារជាប់រវល់ លោកក៏បានឆ្លើយតបខ្សិបៗថា លោកកំពុងជាប់ប្រជុំគណៈរដ្ឋមន្ត្រី មានអ្វីត្រូវសម្ភាសន៍ចាំចប់កិច្ចប្រជំុសិន។
ក្រោយពីក្រោយទទួលទូរស័ព្ទរបស់អ្នកព័ត៌មាន មួយសន្ទះក្រោយមក ក៏មានព័ត៌មានបង្ហោះថា រូបលោកប្រកួតប្រជែងយកតំណែងអភិបាលខេត្តព្រះវិហារ ជាមួយបេក្ខជន៤រូបទៀតនៅក្នុងខេត្តព្រះវិហារ ហើយថា លោកជាបេក្ខភាព ដែលមានប្រជាប្រិយភាពទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ស ថាវី។
លោកស ថាវី បានបដិសេធន៍ថា «ខ្ញំុមិនបានដឹងរឿង និងមិនបានទៅប្រកួតប្រជែងជាមួយអ្នកណាដែរ អ្នកណាប្រកួតអីប្រកួតទៅកុំយកឈ្មោះខ្ញុំបូករួមជាមួយគេ ព្រោះតំណែងខ្ញុំបច្ចុប្បន្ន គឺរាជរដ្ឋាភិបាលបានប្រគល់សេចក្តីទុកចិត្តឲ្យធ្វើ ដូចនេះគឺអ្វីដែលត្រូវគិត អ្វីដែលត្រូវធ្វើនាពេលនេះ គឺបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ខ្ញុំគ្មានពេលវេលាឯណាទៅប្រជែងតំណែងជាមួយអ្នកណានោះទេ»។
លោក ស ថាវី បានគូសបញ្ជាក់ដល់យុវជនខេត្តឧត្តរមានជយ័ថា ការងារស្នើសុំតែងតាំងមន្ត្រីរាជការ គឺជារឿងសម្ងាត់បំផុតគេមិនឲ្យអ្នកណាដឹងនោះទេ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យយុវជនត្រូវចេះសាមគ្គីគ្នា ចងក្រងជាក្រុមតាមស្រុកនីមួយៗ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។ លោក ស ថាវី ក៏ឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ ទុកប្រើប្រាស់ក្នុងការងារសង្គមផ្សេងៗផងដែរ៕