(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន០៤ចំណុច ដល់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្រ្តីរាជការ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ចូលរួមអនុវត្តន៍ពេលបំពេញការងារ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចររបស់រាជរដ្ឋាភិបាល។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបានឱ្យដឹងទៀតថា ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្តីសម្រេច លេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីធានានិរន្តរភាពការងារចាំបាច់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមចេញសេចក្តីណែនាំ ៤ចំណុចរួមមាន៖
* ទី១៖ គ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ត្រឹមកម្រិតពីរភាគរយ (២%) ប៉ុណ្ណោះ និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។ ចំពោះបុគ្គលិកមន្រ្តីរាជការផ្សេងៗទៀត ដែលពុំទទួលបានការចាត់តាំងឱ្យមកប្រចាំការ ត្រូវបំពេញការងារពីផ្ទះតាមរយៈប្រព័ន្ធអនឡាញ(Online) តាមការប្រគល់ភារកិច្ចការងារពីប្រធានអង្គភាពសាមីនីមួយៗ។
* ទី២៖ ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្រ្តីរាជការដែលត្រូវមកបំពេញការងារចាំបាច់តាមការចាត់តាំង ត្រូវមានលិខិតបញ្ជាបេសកកម្មសម្រាប់ការធ្វើដំណើរឆ្លងកាត់តំបន់ ភូមិសាស្ត្រនៃរាជធានីភ្នំពេញ។ លិខិតបញ្ជាបេសកកម្ម ត្រូវចុះហត្ថលេខាដោលោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឬលោក ស៊ុយ សាន រដ្ឋលេខាធិការ។
ការកំណត់បែបបទ និងរបៀបរបបសម្រាប់ការផ្តល់លិខិតបញ្ជាបេសកកម្មជូនថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្រ្តីរាជការក្រោមឱវាទ(២%) ត្រូវអនុវត្តដូចខាងក្រោម៖
- ចំពោះឯកឧត្តម-លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ត្រូវចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់
- ចំពោះថ្នាក់អគ្គនាយកដ្ឋាន/អគ្គាធិការដ្ឋាន និងបុគ្គលិកមន្រ្តីរាជការប្រចាំការ(២%) ត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការទទួលបន្ទុក កិច្ចការរដ្ឋបាល។
* ទី៣៖ នាយកខុទ្ទកាល័យទេសរដ្ឋមន្រ្តី និងអគ្គនាយកដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកពិនិត្យលើការស្នើសុំ ការសម្របសម្រួលនិងការផ្តល់ជូនលិខិតបញ្ជាបេស កកម្មដល់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្រ្តីរាជការដែលត្រូវមកប្រចាំការនៅតាមអង្គភាពក្រោមឱវាទក្រសួង ដោយមិនឱ្យលើសពីរភាគរយ(២%) នៃចំនួនដែល បានកំណត់ខាងលើ។ លិខិតបញ្ជាបេសកកម្មនេះត្រូវប្រើប្រាស់ក្នុងគោលបំណងសម្រាប់តែការធ្វើដំណើរពីលំនៅឋាន មកកាន់ក្រសួងដើម្បីបំពេញការងារ តាមការចាត់តាំងចាំបាច់តែប៉ុណ្ណោះ។
* ទី៤៖ ទាំងបុគ្គលិកមន្រ្តីរាជការដែលមកប្រចាំការនៅតាមអង្គភាពនានា និងបុគ្គលិកមន្រ្តីរាជការដែលបំពេញការងារពីផ្ទះត្រូវបំពេញទម្រង់ឌីជីថលរាយការណ៍ ពីស្ថានភាព សុខភាពផ្ទាល់ខ្លួន ជារៀងរាល់ថ្ងៃតាមរយៈ http://trace.covid19.mpwt.gov.kh ឬស្កែន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមក រួមទាំងការថែរក្សា សុខភាពអនាម័យ តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ហើយត្រូវណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន ឱ្យនៅផ្ទះកុំចេញទៅក្រៅ បើគ្មានការចាំបាច់ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចរ ដូចបានកំណត់ក្នុងសេចក្តីសម្រេចលេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖