(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្ដចូលរួមអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិន ឲ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណី មានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុក ជាបណ្តោះអាសន្ន នូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។
ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឲ្យមានឯកសារបញ្ជាក់តាមការកំណត់ ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរ ដើម្បីបំពេញមុខងារ ក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕