(តាកែវ)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងនេះ មួយចំនួនទៀត បានប្រារព្ធពពិធីរំលឹកខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ នៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ពិធីនេះ មានការចូលរួមពីស្រ្តី និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើននាក់។
ពិធីរំលឹកខួបលើកទី១០៥ នៃទិវានារីអន្តរជាតិនៅខេត្តតាកែវពេលនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់សិទ្ធិ និងតួនាទីរបស់ស្រ្តី ។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រែកប្បាស បានថ្លែងថា នារីគឺជាកម្លាំងចលករមិនអាចខ្វះបានក្នុងការរួមជំរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកថា «ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម» និងជាមូលធនដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស។
លោកថា ប្រការនេះទាមទារឱ្យគ្រប់អង្គភាព ស្ថាប័ននានា ត្រូវតែធ្វើការពង្រឹងសមត្ថភាពនិងបង្កឱកាសឱ្យស្រ្តីមានការចូលរួម ក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពឱ្យបានពេញលេញនិងមានសមធម៌។ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្មារតី នៃទិវាអន្តរជាតិនារី៨មីនា ឱ្យក្លាយជាសកម្មភាពជាក់ស្តែងសម្រាប់ការលើកកម្ពស់សមធម៌យេនឌ័រនៅកម្ពុជា។
សូមជំរាបថា ទិវានារីអន្តរជាតិ ៨មីនា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗ ដើម្បីជំរុញឱ្យស្រ្តីបានចូលរួមក្នុងសកម្មភាពនានាដូចបុរសដែរ។ វប្បធម៌ខ្មែរកន្លងមក ធ្លាប់បានផ្តល់តម្លៃខ្ពស់លើស្រ្តី និងបានចាត់ទុកនារីជាមាតានៃប្រទេសជាតិ៕