(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារធំទួលសង្កែ (ហៅផ្សារសាំហាន់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីម៉ោង០០៖០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
ការសម្រេចរបស់លោក ជា ពិសី ក្នុងការផ្អាកដំណើរការមូលដ្ឋានផ្សារធំទួលសង្កែ (ហៅផ្សារសាំហាន់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ បានអនុវត្តឡើង ក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកឆ្លងកើតជំងឺកូវីដ-១៩ ចេញចូលផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
លោក ជា ពិសី ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធចេញចូលនៅក្នុងផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) នេះចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក។
បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមអំពាវនាវអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលសង្ស័យបានប៉ះពាល់ ឬនៅផ្សារធំទួលសង្កែ (ហៅផ្សារសាំហាន់)៕