(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់នេះ នៅមន្ទីរពេទ្យហ្លូងម៉ែ និងមន្ទីរពេទ្យចាក់អង្រែ។
* ទី១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាល នៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ដោយស្ថានភាពជំងឺមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅ
ព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យ បានពិនិត្យឃើញថាអ្នកជំងឺ បានស្លាប់បាត់បង់ជីវិត រួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១២៖៤៥នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-I9)។
* ទី២៖ មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញមានវិជ្ជមានកូវីដ-១៩ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលចាក់អង្រៃ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០០៖១៦នាទី ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ដោយជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយមានការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២៖៤៥នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុម
គ្រួសារសពផងដែរ៕