(កំពត)៖ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួន ក្រោយល្មើសសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងបំរាមគោចររបស់រដ្ឋបាលខេត្តកំពត ព្រមទាំងញុះញង់ឲ្យមានការផឹកស៉ីនៅលើបណ្ដាញសង្គម Facebook។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ជនជាតិអាល្លឺម៉ង់នេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រោយល្មើសសេចក្ដីណែនាំ និងបំរាមគោចរ ចំណុចក្រុងកំពត នៅវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យឈ្មោះ KASKE STEVE អាយុ៣៦ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធី៕