(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពីការកំណត់របៀបរបបការងារ និងការចាត់តាំងមន្រ្តីមកបំពេញការងារនៅក្រសួងទេសចរណ៍ នៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងនៅមន្ទីរទេសចរណ៍ខេត្តកណ្តាល ក្នុងអំឡុងពេលបិទខ្ចប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការចេញសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ខាងលើនេះ ធ្វើឡើងដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ចប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចស្តីពីការបន្តការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងរីករាលដាលធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីណែនាំដ៏សំខាន់នេះ ក្រសួងទេសចរណ៍បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវអនុវត្តតាមការកំណត់របៀបរបបការងារ និងការចាត់តាំងមន្រ្តីមកបំពេញការងារ ក្នុងអំឡុងពេលបិទខ្ចប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដូចខាងក្រោម៖
១៖ ផ្អាកការងារដែលមិនចាំបាច់ជាបណ្ដោះអាសន្នក្នុងអំឡុងពេលបិទខ្ចប់នេះ រហូតដល់មានការជូនដំណឹងជាថ្មីរបស់រាជរដ្ឋាភិបាល។
២៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងខុទ្ទកាល័យរដ្ឋមន្រ្តី ត្រូវចាត់តាំងមន្រ្តីប្រចាំការរៀងរាល់ថ្ងៃ ពិសេសនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ដោយត្រូវរៀបចំគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យនៅទីស្តីការក្រសួងឲ្យបានល្អ។
៣៖ ផ្នែកការងារជំនាញតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវកាត់បន្ថយចំនួនមន្រ្តីមកបំពេញការងារឱ្យនៅត្រឹមកម្រិតអប្បបរមា មិនឲ្យលើសពី ២% នៃចំនួនមន្រ្តីសរុបរបស់អង្គភាពនីមួយៗ និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅនឹងកន្លែងបំពេញការងារ។
៤៖ ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវបន្តអនុវត្តការងារតាមផែនការ និងសកម្មភាពការងាររបស់ខ្លួន ដោយអនុញ្ញាតឱ្យធ្វើការ និងប្រាស្រ័យទាក់ទងគ្នាពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញ។
៥៖ ប្រធានអង្គភាពនីមួយៗនៃក្រសួងទេសចរណ៍ ត្រូវធ្វើកាលវិភាគ និងបញ្ជីឈ្មោះមន្រ្តីមកបំពេញការងារតាមគោលការណ៍ ២% ដោយឆ្លាស់វេនគ្នាឲ្យបានច្បាស់លាស់ រួចផ្ញើមកនាយកដ្ឋានធនធានមនុស្ស ដើម្បីធ្វើលិខិតបញ្ជាបេសកកម្ម។ មន្រ្តីដែលត្រូវមកបំពេញការងារនេះ គួរជ្រើសរើសយកអ្នកដែលមានអាសយដ្ឋាននៅក្នុងខណ្ឌ៧មករា (ដែលនៅជិតទីស្ដីការក្រសួងទេសចរណ៍) ជាការល្អ ដើម្បីកាត់បន្ថយពេលវេលានៃការធ្វើដំណើរ។
៦៖ ចំពោះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវសុំការណែនាំបន្ថែមពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល ចំពោះការចាត់តាំងមន្រ្តីមកប្រចាំការ និងបំពេញការងារចាំបាច់នេះ។
៧៖ ក្នុងពេលធ្វើដំណើរមកកន្លែងធ្វើការ មន្រ្តីដែលត្រូវបានចាត់តាំងមកបំពេញការងារ សូមបង្ហាញបណ្ណសម្គាល់មន្រ្តីរាជការ ឬវិញ្ញាបនបត្ររដ្ឋបាល (សម្រាប់មន្រ្តីជាប់កិច្ចសន្យា) និងលិខិតបញ្ជាបេសកកម្ម ដល់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន (ដែលជាអ្នកត្រួតពិនិត្យការធ្វើចរាចរណ៍ចេញ-ចូល) ហើយត្រូវធ្វើដំណើរទៅកាន់គោលដៅដែលបានកំណត់។ ពេលត្រលប់ទៅវិញ ត្រូវតម្រង់ទិសចូលលំនៅដ្ឋានរបស់ខ្លួន។
៨៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖