(ពិភពលោក)៖ នៅពេលអានអត្ថបទមួយនេះ លោកអ្នកអាចនឹងមានការភ្ញាក់ផ្អើល ព្រោះថាបណ្ដាប្រទេសអភិវឌ្ឍន៍ធំ នៅក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ស៊ុយអែត បារាំង កាណាដា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បែរជាមានបទល្មើសរំលោភសេពសន្ថវៈ ខ្ពស់បំផុតទៅវិញ។
ខាងក្រោមនេះ គឺជាតារាងប្រទេសទាំង១០ ដែលមានបទល្មើសរំលោភសេពសន្ថវៈខ្ពស់បំផុត៖
១-សហរដ្ឋអាមេរិក
ជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងជាប្រទេសដែលជឿនលឿនជាងគេ នៅក្នុងពិភពលោក ប៉ុន្តែសម្រាប់រឿងអាស្រូវ ក៏មានច្រើនផងដែរ ជាពិសេសគឺករណីរំលោភសេពសន្ថវៈ ដែលបច្ចុប្បន្នកំពុងឈរ នៅលេខរៀងទី១ នៃប្រទេសដែលមានករណី រំលោភសេពសន្ថវៈខ្ពស់ ជាងគេបំផុតក្នុងលោក។ យោងតាមរបាយការណ៍ របស់ការិយាល័យស្ថិតិយុត្តិធម៌អាមេរិក បានឲ្យដឹងថា ក្នុងចំណោមករណីរំលោភសេពសន្ថវៈមាន៩១ភាគរយ ស្ត្រីជាអ្នករងគ្រោះ ចំណែក៩ភាគរយទៀត គឺជាបុរស។ ស្ត្រីម្នាក់ក្នុងចំណោម ៦នាក់ រងការរំលោភសេពសន្ថវៈ ខណៈដែលបុរសម្នាក់ ក្នុងចំណោម ៣៣នាក់ រងការរំលោភសេពសន្ថវៈដែរ។
២- ប្រទេសអាហ្រ្វិកខាងត្បូង
ចាប់តាំងពីឆ្នាំ២០០២មក ករណីរំលោភសេពសន្ថវៈនៅក្នុងប្រទេសនេះ បានកើនឡើងជាលំដាប់ រហូតដល់ថ្នាក់ពិភពលោកហៅប្រទេសនេះថា «រដ្ឋធានីរំលោភសេពសន្ថវៈនៃពិភពលោក»។ ក្នុងចំណោម ២៥ភាគរយនៃបុរស នៅក្នុងប្រទេសនេះ បានសារភាពថា ខ្លួនធ្លាប់បានរំលោភសេពសន្ថវៈទៅលើនារី មានអ្នកខ្លះបានប្រព្រឹត្តច្រើនដងទៀត។ មួយវិញទៀត ប្រទេសនេះ ក៏ត្រូវបានអង្គការឃ្លាំមើល សិទ្ធិកុមារបានលើកឡើងថា កុមារភាគនៅក្នុងប្រទេសនេះ ត្រូវបានគេរំលោភសេពសន្ថវៈច្រើនជាងគេបំផុត នៅក្នុងពិភពលោក ខណៈដែលអ្នកប្រព្រិត្តជាប់ទោសត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។
៣-ប្រទេសស៊ុយអែត
ជាប្រទេសដែលមានអត្រា រំលោភសេពសន្ថវៈខ្ពស់ជាងគេ នៅតំបន់អឺរ៉ុប និងជាស្ថិតនៅក្នុងលំដាប់ទី៣ នៃប្រទេសដែលមានករណី រំលោភសេពសន្ថវៈខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ ស្ត្រីម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានរងការបំពាន និងរងការរំលោភសេពសន្ថវៈ ដែលមានរហូតដល់ ៦៣ភាគរយនៃស្ត្រីសរុបនៅក្នុងប្រទេស។
៤-ប្រទេសឥណ្ឌា
ជាប្រទេសដែលល្បីរឿងរំលោភសេពសន្ថវៈ ប៉ុន្តែប្រទេសនេះ មិនស្ថិតនៅក្នុងលំដាប់កំពូលនោះ គឺបានត្រឹមតែលេខ៤ប៉ុណ្ណោះ។ ស្ត្រីឥណ្ឌាជាច្រើនបានរងការរំលោភសេពសន្ថវៈ ជាពិសេស គឺករណីរំលោភសេពសន្ថវៈជាក្រុម។ បើទោះបីជារបាយការណ៍ ស្ដីអំពីករណីរំលោភសេពសន្ថវៈ មិនត្រូវបានអាជ្ញាធផ្ដល់ឲ្យក្ដី ប៉ុន្តែក្រុមឃ្លាំមើលបានលើកឡើងថា រៀងរាល់២២នាទី គឺមានករណីរំលោភសេពសន្ថវៈម្ដង នៅក្នុងប្រទេសឥណ្ឌា។
៥-ចក្រភពអង់គ្លេស
មនុស្សជាច្រើនបានប៉ងប្រាថ្នាចង់ទៅរស់នៅ ឬទៅលេងកម្សាន្តចក្រភពអង់គ្លេស ព្រោះជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍ និងរីកច្រើន ប៉ុន្តែលោកអ្នកក៏ត្រូវយល់ដឹងខ្លះផងដែរ ពីរឿងអាក្រក់ៗមួយចំនួន សម្រាប់ប្រទេសមួយនេះ ដូចជាបទរំលោភសេពសន្ថវៈជាដើម។ យោងតាមរបាយការណ៍ របស់ក្រុមឃ្លាំមើលសិទ្ធិស្ត្រី បានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម៥នាក់ ត្រូវបានរងការរំលោភសេពសន្ថវៈ ជាពិសេស គឺក្មេងស្រីវ័យ១៦ឆ្នាំ រងគ្រោះច្រើនជាងគេបំផុត។
៦-ប្រទេសអាល្លឺម៉ង់
យោងតាមរបាយការណ៍បានបញ្ជាក់ថា មានស្ត្រីអាល្លឺម៉ង់ជាច្រើននាក់បានស្លាប់ ដោយសារករណីរំលោភសេពសន្ថវៈ ខណៈដែលបច្ចុប្បន្នអាល្លឺម៉ង់ ស្ថិតនៅលេខរៀងទី៦ នៃប្រទេសដែលកើតមាន ករណីរំលោភសេពសន្ថវៈច្រើនជាងគេ ដោយក្នុងមួយឆ្នាំ កើតមានមិនក្រោមពី ៦,៨លានករណីនោះទេ។
៧-ប្រទេសបារាំង
ករណីរំលោភសេពសន្ថវៈ មិនមែនជាបទឧក្រិដ្ឋនោះទេ នៅក្នុងប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៨០ ប៉ុន្តែគេបានបង្កើតច្បាប់ថ្មី ដើម្បីពង្រឹងសិទ្ធិ និងការសុវត្ថិភាពរបស់ស្ត្រី។ បើទោះជាយ៉ាងនេះក្ដី ក៏ករណីរំលោភសេពសន្ថវៈ នៅក្នុងប្រទេសបារាំង នៅតែកើតមានខ្ពស់ និងត្រូវបានគេបញ្ជាក់ថា ក្នុងមួយឆ្នាំនៅក្នុងប្រទេសបារាំង បានកើតមានករណីរំលោភសេពសន្ថវៈ រហូតដល់ជាង ៣,៧លានករណី។
៨-ប្រទេសកាណាដា
ជាប្រទេសមួយដែលមានការរីកច្រើនខ្លាំង ប៉ុន្តែតួលេខនៃករណីរំលោភសេពសន្ថវៈ ក៏មានច្រើនផងដែរ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ របស់អាជ្ញាធរបានឲ្យដឹងថា ក្នុងមួយឆ្នាំមានករណីរំលោភសេពសន្ថវៈ ២,៥លានករណី។ ក្រុមអ្នកឃ្លាំមើល បានលើកឡើងថា ស្ត្រីម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានគេបំពាន និងទទួលរងអំពើហិង្សាផ្លូវភេទ ជាពិសេសគឺស្ត្រីក្នុងវ័យ ១៧ឆ្នាំ។
៩-ប្រទេសស្រីលង្កា
នៅក្នុងរបាយការណ៍របស់ UN និងកំណត់ហេតុរបស់អាជ្ញាធរបានបញ្ជាក់ថា ស្ត្រីភាគច្រើននៅក្នុងប្រទេសស្រីលង្កា បានទទួលរងនូវការគំរាមកំហែង និងរំលោភសេពសន្ថវៈយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានករណីរំលោភជាក្រុម ហើយមានស្ត្រីខ្លះត្រូវបានគេរំលោភ ជាច្រើនដងទៀតផង។ ចំពោះច្បាប់នៅក្នុងប្រទេសមួយនេះវិញ ត្រូវបានគេមើលឃើញថា មានសភាពធូរលុង ដូច្នេះហើយទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីភាគច្រើនបាននាំគ្នាតវ៉ាធ្វើបាតុករ ទាមទារឲ្យរដ្ឋាភិបាលពង្រឹងច្បាប់ និងដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរ បំផុតដល់ជនប្រព្រឹត្តបទល្មើស។
១០-ប្រទេសអេត្យូពី
យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មានស្ត្រីជិត៦០ភាគរយ នៅក្នុងប្រទេសមួយនេះ បានទទួលរងអំពើហិង្សាផ្លូវភេទ។ ការរំលោភសេពសន្ថវៈ ជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់ នៅក្នុងប្រទេសមួយនេះ បើទោះបីជារដ្ឋាភិបាល បានយល់ចិត្តទុកដាក់ និងរឹតបន្ដឹងច្បាប់ ជាមួយនឹងការដាក់ទោសធ្ងន់ធ្ងរក្ដី ក៏ករណីរំលោភសេពសន្ថវៈ នៅតែកើតមាន។ នៅក្នុងប្រទេសមួយនេះ ក៏សម្បូរទៅដោយករណីចាប់ពង្រត់ផងដែរ ជាពិសេសគឺចាប់ពង្រត់កូនក្រមុំ និងរំលោភរហូតដល់នាងមានផ្ទៃពោះ៕