(តាកែវ)៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសានេះថា មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺ កូវីដ១៩ ចំនួន១០នាក់ទៀត នៅក្នុងភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
លោកប្រធានមន្ទីរបានថ្លែងបន្តថា អ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១០នាក់ ត្រូវរកឃើញនៅនៅក្នុងចំណោមអ្មកដែលត្រូវយកសំណាក៣៤១នាក់ នៅក្នុងភូមិស្នោឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែមេសា កន្លងមក។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា «បច្ចុប្បន្នអ្នកជំងឺទាំង១០នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស រីឯអ្នកពាក់ព័ន្ធត្រូវបានដាក់ឲ្យធ្វើចត្តាឡឺស័កនៅវិទ្យាល័យហេងសំរិនព្រៃល្វា ស្រុកព្រៃកប្បាស។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្តថា អ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងភូមិខាងលើភូមិនេះ ត្រូវបានលោកអភិបាលខេត្តតាកែវ បញ្ជាឱ្យបិទខ្ទប់អាពេល៥ ថ្ងៃមកហើយ បន្ទាប់ពីមានអ្នកឆ្លងជាបន្តបន្ទាប់៕